ព័ត៌មានជាតិ

កីឡាករជម្រើសជាតិតៃក្វាន់ដូម្នាក់ ជិះម៉ូតូចេញពីខួបកំណើតមិត្តភក្តិ ត្រូវជនសង្ស័យភ្ជង់ប្លន់យកម៉ូតូនិងទូរស័ព្ទ

ភ្នំពេញ: នៅវេលាម៉ោង០០និង១៥នាទីយប់ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២១ កីឡាករជម្រើសជាតិតៃក្វាន់ដូម្នាក់ ជិះម៉ូតូត្រលប់មកពីខួបកំណើតមិត្តភក្ដិ ត្រូវជនសង្ស័យមួយក្រុមជិះម៉ូតូតាមពីក្រោយ ធ្វើសកម្មភាពភ្ជង់គំរាមប្លន់យកម៉ូតូ និងទូរស័ព្ទដៃ បានសម្រេច ស្ថិតតាមបណ្ដោយផ្លូវសឡា ត្រង់ចំណុចការ៉ាសសាំងតូតាល់ ក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

ជនរងគ្រោះឈ្មោះ ជឹម បារមី ភេទប្រុស អាយុ២១ឆ្នាំ មុខរបរកីឡាករតៃក្វាន់ដូជម្រើសជាតិកម្ពុជា ស្នាក់នៅភូមិភ្នាត សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ សម្ភារ:បាត់បង់មាន៖ ម៉ូតូមួយគ្រឿង ម៉ាកហុងដាស្កុបពី ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២០ ពាក់ស្លាកលេខភ្នំពេញ 1HZ-1608 និងទូរស័ព្ទដៃមួយគ្រឿងម៉ាក iphoneX ។

នៅមុនពេលកើតហេតុ ជនរងគ្រោះបានជិះម៉ូតូចេញពីកម្មវិធីខួបកំណើតមិត្តភក្ដិ នៅម្តុំបឹងបៃតង ក្នុងទឹកដីខណ្ឌសែនសុខ ពេលចប់កម្មវិធីក៏បានជិះម៉ូតូធ្វើដំណើរត្រលប់មកផ្ទះ ។ លុះពេលកំពុងជិះម៉ូតូ មានអ្នកផ្ទះតេទូរស័ព្ទមក ជនរងគ្រោះក៏បន្ថយល្បឿនម៉ូតូលើកទូរស័ព្ទនិយាយជាមួយអ្នកផ្ទះ ពេលនោះស្រាប់តែលេចមុខជនសង្ស័យ០៤នាក់ ជិះម៉ូតូពីរគ្រឿង ម៉ាកហុងដាឌ្រីមសង់ ធ្វើដំណើរតាមពីក្រោយ ដោយមានការសង្ស័យក៏ឈប់និយាយ ដាក់ទូរស័ព្ទចូលក្នុងឃ្លុបម៉ូតូខាងមុខ និងបន្ថែមល្បឿនម៉ូតូទៅមុខយ៉ាងលឿន ចំណែកជនសង្ស័យក៏ជិះដេញតាមពីក្រោយ ហើយបានដកកាំភ្លើងខ្លីភ្ជង់ឲ្យឈប់ម៉ូតូ តែជនរងគ្រោះមិនព្រមឈប់ ក៏ជិះគេចខ្លួន មកដល់ត្រង់ចំណុចមុខការ៉ាសសាំងតូតាល់ ក៏បត់ចូលផ្លូវបេតុងមុខការ៉ាសសាំង ដោយខ្លាចជនសង្ស័យខាងលើមានកាំភ្លើង ក៏ដួលម៉ូតូបណ្តាលឲ្យរងរបួសបែកមុខ ហើយក្រុមជនសង្ស័យទាំង០៤នាក់នោះ បានជិះចេញទៅបាត់ទៅ ក៏លេចមុខជនសង្ស័យចំនួ០២នាក់ផ្សេងទៀត បានឈប់ម៉ូតូចុះមកជួយ និងសួរនាំថែមទាំងជួយ លើកជនរងគ្រោះ និងលើកម៉ូតូឲ្យជនរងគ្រោះថែមទៀតផង ។ ប៉ុន្តែដោយឃើញឱកាសល្អ ជនសង្ស័យទាំងនោះ ក៏ជិះម៉ូតូជនរងគ្រោះគេចចេញទៅបាត់ទៅ ធ្វើឲ្យជនរងគ្រោះ ភ័យតក់ស្លុតយ៉ាងខ្លាំង ។

ក្រោយពេលកើតហេតុ ជនរងគ្រោះបានត្រឹមទៅដាក់ពាក្យបណ្ដឹង នៅប៉ុស្តិ៍នគរបាលអូរបែកក្អម ដើម្បីឲ្យសមត្ថកិច្ចនគរបាល លោកជួយស្រាវជ្រាវស្វែងរកជនសង្ស័យ យកមកផ្តន្ទាទោសតាមផ្លូវច្បាប់ ៕

មតិយោបល់