ភ្នំពេញៈ យោងតាមរបាយការណ៍ពីនាយកដ្ឋានសណ្តាប់ធ្នាប់ នៃអគ្គស្នងការដ្ឋាននគរបាលជាតិប្រាប់ឲ្យដឹងថា នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៦ មានករណីគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសកើតឡើងចំនួន ១០លើក (យប់១លើក) បណ្តាលឲ្យមនុស្សស្លាប់២នាក់ ( ប្រុស ) រងរបួសធ្ងន់ ១០នាក់ ( ស្រី១នាក់ ) និងរបួសស្រាល ៣នាក់ (ប្រុស) ។
នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ១០លើកនេះ បណ្តាលឲ្យខូចខាតយានយន្ត សរុប ចំនួន ១៥គ្រឿង រួមមាន ម៉ូតូចំនួន ៩គ្រឿង រថយន្តធុនតូច ចំនួន ៥គ្រឿង យានយន្តផ្សេងៗ ១គ្រឿង ។ ប្រភពព័ត៌មានដដែលប្រាប់បន្តឲ្យដឹងថា មូលហេតុដែលបណ្តាលឲ្យកើតមានករណីគ្រោះថ្នាក់ចរាចរណ៍ រួមមាន ល្មើសល្បឿន ៤លើក (ស្លាប់១នាក់ ) ,មិនគោរពសិទ្ធិ ៣លើក (ស្លាប់១នាក់) , មិនប្រកាន់ស្តាំ ៣លើក ។
ក្នុងនោះអ្នកមិនពាក់មួកសុវត្ថិភាព ពេលគ្រោះថ្នាក់ចរាចរណ៍ ៩នាក់ ( ពេលថ្ងៃ ) ។ គ្រោះថ្នាក់នៅលើដងផ្លូវ រួមមាន ផ្លូវជាតិ ចំនួន ៤លើក ផ្លូវខេត្ត-ក្រុង ចំនួន ៥លើក និងផ្លូវលំ ចំនួន ១លើក ដោយឡែកយានយន្តដែលបង្កហេតុ រួមមាន ម៉ូតូ ៥លើក រថយន្តធុនតូច ៥លើក និងរថយន្តធុនធំ ៥លើក ។ យោងតាមរបាយការណ៍ពីនាយកដ្ឋានសណ្តាប់ធ្នាប់ នៃអគ្គស្នងការដ្ឋាននគរបាលជាតិប្រាប់បន្តទៀតឲ្យដឹងថា ខេត្ត រាជធានី ដែលមានគ្រោះថ្នាក់ និងរងគ្រោះថ្នាក់ រួមមាន ខេត្តស្វាយរៀង ១លើក ស្លាប់ ១នាក់ របួស១នាក់ និងខេត្តព្រះសីហនុ ១លើក (ស្រី១នាក់) ។
ប្រភពព័ត៌មានពីនាយកដ្ឋានសណ្តាប់ធ្នាប់នៃអគ្គស្នងការដ្ឋាននគរបាលជាតិប្រាប់បញ្ជាក់ឲ្យដឹងថា កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៦ លទ្ធផលត្រួតពិនិត្យអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកឃើញថា យានយន្តដែល្មើសសរុបទូទាំងប្រទេសមាន ចំនួន ៣.០៩១គ្រឿង ក្នុងនោះបានធ្វើការអប់រំចំនួន ១.២៦០គ្រឿង និងពិន័យសរុប ១.៨៣១គ្រឿង៕
មតិយោបល់