សៀមរាបៈ លោកវរសេនីយ៍ឯក ណុប សារ៉ាក់ អធិការនគរបាលស្រុក សូទ្រនិគម បានប្រាប់Post Newsថា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងម៉ូតូរបស់អធិការរង ទទួលបន្ទុកការងារជនបរទេស នៃអធិការដ្ឋាននគរបាលស្រុកសូនិគម បានបុកជាមួយនឹងរថយន្តហ៊ីយ៉ាន់ដាយ បណ្តាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែង។
ករណីនេះកើតឡើងនៅម៉ោង៨និង៣០នាទីយប់ ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០១៨ នៅចំណុចលើផ្លូវជាតិលេខ៦ ក្នុងភូមិដំដែកផ្សារ ឃុំដំដែក ស្រុកសូទ្រនិគម ខេត្តសៀមរាប។
ជនរងគ្រោះដែលស្លាប់នេះជា លោកវរសេនីយ៍ត្រី ឈួយ ឈឿន អាយុ៥៣ឆ្នាំ អត្តលេខ ១៣៥៥៩ ឋានៈអធិការរងទទួលបន្ទុកការងារជនបរទេសនៃអធិការដ្ឋាននគរបាលស្រុកសូនិគម ចូលបម្រេីការងារ១៩៨៦។ លោកបានជិះម៉ូតូមួយគ្រឿងម៉ាកស្មាស់រីវ៉ូ ស៊េរីឆ្នាំ២០១០ ស្លាកលេខ នគរបាល ១ ៣៦៣១ បុកជាមួយនឹងរថយន្តដឹកដែក ម៉ាកហីុយ៉ានដាយ ពណ៌ស ស្លាកលេខ ភ្នំពេញ 3C-3848 បណ្ដាលឲ្យស្លាប់ក្រោយក្រុមការងារដឹកសង្គ្រោះដល់មន្ទីរពេទ្យបង្អែកសុខភាពស្រុកសូទ្រនិគម ក្រោយពីលោក ជិះម៉ូតូចុះបំពេញភារកិច្ចធ្វេីការត្រួតពិនិត្យអាវុធជាតិផ្ទុះ ដេីម្បីរក្សាសន្តិសុខជាតិក្នុងមូលដ្ឋាន។
ក្រោយកើតហេតុ អ្នកបេីកបររថយន្តបានគេចខ្លួនបាត់។ ចំណែករថយន្តនិងម៉ូតូត្រូវបានសមត្ថកិច្ចធ្វេីការវាស់វែងយកទៅរក្សាទុកនៅអធិការដ្ឋាន រង់ចាំដោះស្រាយគ្នាបន្តទៀត និងប្រគល់សពឲ្យសាច់ញាតិធ្វើបុណ្យតាមប្រពៃណី៕




មតិយោបល់