ព័ត៌មានជាតិ

រថយន្តចិនបត់មិនស៊ីញ៉ូ ឌ្រីមចាប់ហ្រ្វាំងមិនជាប់ បុកគ្នាជជែករកខុសត្រូវ ចុងក្រោយត្រឹមសំណង១០០ដុល្លារ

ភ្នំពេញៈ ជនជាតិចិនម្នាក់បើករថយន្តហាយឡែនឌ័រមួយគ្រឿង ក្នុងល្បឿនលឿងឆ្លងផ្លូវហើយថែមទាំងអត់មានបើកភ្លើងស៊ីញ៉ូ ធ្វើឲ្យម៉ូតូសេ១២៥ បើកបរលើផ្លូវអថិភាព ជ្រុលទៅបុកចំហៀងរថយន្តខាងស្តាំផ្នែកខាងក្រោយ បណ្តាលឲ្យម៉ូតូ រងការខូចខាតមួយកំណាត់មុខ ហើយត្រូវបានភាគីខាងជនជាតិចិនទាមទាឲ្យខាងម៉ូតូសងទៅវិញ។

ហេតុការខាងលើបង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង១១និង៣០នាទីព្រឹក ថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៣ មុខច្រកចូលបុរីធូ លន ភូមិព្រៃព្រីងត្បូង២ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ម្ចាស់រថយន្ត ហាយឡែនឌ័រ ពណ៌ស្ករ ពាក់ស្លាកលេខភ្នំពេញ 2Z-8832 បើកបរដោយបុរសជនជាតិចិន។ ចំណែកភាគីខាងម៉ូតូ ម៉ាកឌ្រីមសេ១២៥ សេរី២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1FH-6895 បើកបរដោយបុរសម្នាក់ ជាកម្មកររោងចក្រ។

តាមប្រភពពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា ពួកគាត់ធ្លាប់ឃើញជនជាតិចិន បើកបររថយន្ត ហាក់បីដូចជាមិនគោរពច្បាប់ស្រុកខ្មែរ បើកបរល្បឿនលឿន មិនថាទីប្រជុំជន បត់ឆ្លងផ្លូវមិនដែលបើកភ្លើងស៊ីញ៉ូ ខ្វះការយោគយល់ដល់យានដទៃ លុះមកថ្ងៃកើតហេតុនេះ ខណៈដែលរថយន្តខាងលើ បើកបរដោយជនជាតិចិន បើកបោះពួយល្បឿនលឿនពីជើងទៅត្បូង ដល់ចំណុចខាងលើ បត់ឆ្លងផ្លូវវឹង គ្មានទាំងបើកភ្លើងស៊ីញ៉ូ បំណងចូលក្នុងបុរី ធូ លន ទើបធ្វើឲ្យម៉ូតូជនរងគ្រោះ បើកតាមបណ្តោយផ្លូវជាតិលេខ៣ ពីត្បូងទៅជើងវាក់អឺរ ជ្រុលទៅបុកផ្នែកខាងក្រោយ ដួលបណ្តាលឲ្យម៉ូតូខូចខាតមួយកំណាត់មុខ។

ក្រោយកើតហេតុ ជនជាតិចិនចោទប្រកាន់ខាងម៉ូតូ ពេលរថយន្តគេកំពុងឆ្លងផ្លូវ ហេតុអ្វីមិនឈប់សិនត្រូវតែសងខាងរថយន្ត បញ្ហាសម្តីចិនបែបនេះធ្វើឲ្យពលរដ្ឋអត់យល់ រហូតដល់សមត្ថកិច្ចចុះទៅអន្តរាគមន៍លើកហេតុផល និងផ្តល់ឲ្យភាគីសងខាង ចរចាគ្នា។ ទោះជាយ៉ាងណាក្តីនៅកន្លែងកើតហេតុ ជនជាតិចិន តាមរយៈអ្នកបកប្រែនៅតែអះអាងថាខ្លួនត្រូវច្បាប់ មានទាំងប័ណ្ណបើកបរទៀត។ នគរបាលជំនាញលើកហេតុផល ផ្លូវច្បាប់ស្រុកខ្មែរខ្លះៗ ក្នុងករណីមិនត្រូវគ្នា រថយន្តនិងម៉ូតូ មានតែសមត្ថកិច្ចជំនាញយកទៅរក្សាទុក រងចាំដោះស្រាយតាមប្រព័ន្ធច្បាប់ ទើបភាគីខាងចិន សុខចិត្តសងថ្លៃការខូចខាត ១០០ដុល្លាទៅភាគី ខាងជនរងគ្រោះ ជួសជុលម៉ូតូ ណាមួយជនរងគ្រោះគ្រាន់តែរបួសជើងស្រាល មិនចង់វែងឆ្ងាយ ទើបបញ្ចប់រឿងនៅកន្លែងកើតហេតុ៕

មតិយោបល់