ព័ត៌មានជាតិ

សាំងយ៉ុងដឹកឈើលោតឆត្រ បោលបុកដើមឈើក្រឡាប់ធ្លាក់ផ្លូវដូចកុនហូលីវូដ

​ក្រចេះ: សំណាងមួយក្នុងមួយពាន់គ្រោះថ្នាក់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងយ៉ាងរន្ធត់ បង្កការភ្ញាក់ផ្អើលដល់អ្នកដំណើរតាមដងផ្លូវឈរមើលយ៉ាងច្រើនកុះករ ដោយសារ​រថយន្ដសាំងយ៉ុងដឹកឈើមួយ​គ្រឿង​ ​បើកបរក្នុងល្បឿនយ៉ាងលឿនដូចហោះ បុកដើមឈើធ្លាក់ពីលើផ្លូវ​​​​ក្រឡាប់ជាច្រើនត្រឡប់ដូច​កុនហូលីវូដ តែ​មិនមាន​អ្នក​រងរបួសនោះទេ។

ហេតុការណ៍ដ៏សែន​រន្ធត់​នេះ បាន​កើត​ឡើង​កាល​ពី​វេលាម៉ោង៥ទៀបភ្លឺថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៦ នៅចំនុចខាងលើ​ស្ពានទេរ ប្រមាណ៥០ម៉ែត្រ ស្ថិតនៅសង្កាត់រកាកណ្ដាល ក្រុងក្រចេះ។

ប្រភពពីប្រជាពលរដ្ឋរស់នៅជិកន្លែងកើត​ហេតុបានឲ្យបានដឹងថា រថយន្ដដែលធ្លាក់ពីលើផ្លូវនោះ គឺបើកបរក្នុងល្បឿនយ៉ាងលឿនប្រជែងគ្នាបិទគ្នាទៅវិញទៅមក បណ្ដាលឲ្យបុកដើមឈើធ្លាក់ពីលើផ្លូវតែម្ដង។

ពួកគាត់បន្ដទៀតថា ជារៀងរាល់ព្រឹកពួកគាត់ឃើញរថយន្ដសាំងយ៉ុងដឹកឈើចំនួន៦ទៅ៧គ្រឿង តែងតែបើកបរក្នុងល្បឿនយ៉ាងលឿនហើយបិទគ្នាទៅវិញទៅមកដោយមិនខ្លាចបង្កគ្រោះថ្នាក់ ឬប៉ះពាល់ដល់អ្នកធ្វើដំណើរ​តាមដងផ្លូវឡើយ។ នៅក្នុងរថយន្ដនោះ ពួកគាត់ឃើញមានមនុស្សចំនួន២នាក់ គឺអ្នកបើកបររថយន្ដ និងព្រូរថយន្ដក្រោយពីក្រឡាប់បាន ប្រហែលជា៥នាទីពួកគេបានវាចេញពីរថយន្ដដោយមិនមានរងរបួសនោះទេ ហើយពួកគេនិយាយថា រថយន្ដដាច់ហ្វ្រាំង​ហើយក៏រត់គេចខ្លួនបាត់តែម្តង។

បច្ចុប្បន្ន កម្លាំងនគរបាលចរាចរណ៍បាន​ស្ទួចរថយន្ដយកទៅរក្សាទុកនៅស្នងការដ្ឋាននគបាលខេត្តក្រចេះ ដើម្បីកសាងសំណុំរឿងដោះស្រាយតាមនិតិវិធី៕

មតិយោបល់