ព័ត៌មានជាតិ

រថយន្ត​Masda​ BT-50 បើកបំពានភ្លើងស្តុប ជ្រុលទៅបុកម៉ូតូកង់បីមួយគ្រឿង បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ

ភ្នំពេញៈ​ នា​វេលា​ម៉ោង០​១និង០០នាទីយប់រំលង​អធ្រាត្រ​ឈានចូលថ្ងៃ​ទី​២៨ ខែតុលា​ ឆ្នាំ​២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង រថយន្តម៉ាក ​Masda​ BT-50 មួយគ្រឿង​ បើក​បំពាន​ភ្លើង​សញ្ញា​ចរាចរណ៍ ​រួច​ជ្រុល​ទៅ​បុក​ម៉ូតូ​កង់បី ​មួយគ្រឿង ​កំពុង​បើកឆ្លង​កាត់​ស្តុប​ បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ ទីតាំងត្រង់​ចំណុច​ស្តុប​ផ្សារ​សំណង់​១២​ ស្ថិតតាមបណ្ដោយ​ផ្លូវ​១៨២ កែងនឹងផ្លូវ​២៦៥​ សង្កាត់​ទឹកល្អក់​ទី​២​ ខណ្ឌ​ទួលគោក រាជធានីភ្នំពេញ ​។

ហេតុការណ៍៖​ ​នៅ​មុន​ពេល​កើតហេតុ​គេឃើញ​បុរស​ម្នាក់ ​បើកបរ​ម៉ូតូ​កង់បី​​មួយ​គ្រឿង​ម៉ាក​ បាចា​ ពណ៌ស​ ពាក់ស្លាកលេខ​កំពង់ចាម​1T-2154 ​ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​២៦៥​ មានទិសដៅ​ពី​ត្បូង​ទៅ​ជើង ពេលមកដល់ត្រង់ចំណុច​ស្តុប​កើតហេតុ​បាន​បើក​ឆ្លង​កាត់​ស្រាប់​តែមាន​រថយន្ត​​ម៉ាក​ Masda BT-50​ មួយគ្រឿង ពណ៌ស​ ពាក់ស្លាកលេខ​ភ្នំពេញ ​2BD-3463 បើកបរ​ដោយ​បុរស​ម្នាក់ មាន​ស្ត្រី​ពីរនាក់​រួមដំណើរជាមួយ ធ្វើដំណើរ​តាមបណ្ដោយ​ផ្លូវ​១៨២​ មានទិសដៅ​ពី​កើតទៅលិច​ ​ក្នុង​ល្បឿន​លឿន បើក​បំពានភ្លើង​សញ្ញា​ចរាចរណ៍​​ជ្រុល​ទៅ​បុក​ម៉ូតូ​កង់បី​ពេញទំហឹង ​បណ្តាល​ឲ្យរងការខូចខាតយ៉ាងដំណំទាំងសងខាង ​។

នៅក្រោយ​ពេលកើត​ហេតុ ​ភាគី​ទាំងពីរ​បាន​ចរចា​គ្នា​ ដោយ​ភាគី​ខាង​រថយន្ត​ចេញ​សំណងឲ្យ​ទៅ​ខាង​ម៉ូតូ​កង់បី ​ដើម្បី​បញ្ចប់​រឿង ​៕

មតិយោបល់