ភ្នំពេញៈ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានរៀបចំកិច្ចប្រជុំអគ្គនាយកគយអាស៊ានលើកទី២៥ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៥-២៧ ខែឧសភា ឆ្នាំ២០១៦ នៅសណ្ឋាគារ សូហ្វីតែល ភូគីត្រា រាជធានីភ្នំពេញ។
កិច្ចប្រជុំអគ្គនាយកគយអាស៊ានលើកទី២៥ បានប្រារព្ធបើកក្រោមវត្តមានរបស់លោកបណ្ឌិត អូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដោយមានការអញ្ជើញចូល-រួមពីអគ្គនាយគយអាស៊ានទាំង១០ប្រទេស, ក្រុមប្រឹក្សាពាណិជ្ជកម្មអាស៊ាន-អាមេរិក, ក្រុមប្រឹក្សាពាណិជ្ជកម្មអាស៊ាន-អឺរ៉ុប,បញ្ញើររហ័សអាស៊ី-ប៉ាស៊ីហ្វិក និងសភាពាណិជ្ជកម្មកម្ពុជា។
គោលបំណងចំបង នៃកិច្ចប្រជុំគឺដើម្បីពិនិត្យនិងពិភាក្សាលើវឌ្ឍនភាព នៃការអនុវត្តផែនការយុទ្ធសាស្រ្តអភិវឌ្ឍគយនិងការងារសមាហរណកម្មគយអាស៊ានរបស់ក្រុមការងារកិច្ចសម្រួលពាណិជ្ជកម្មនិងនីតិវិធីគយ, ក្រុមការងារអនុវត្តច្បាប់គយនិងអនុលោមភាព និងក្រុមការងារកសាងសមត្ថភាពចំណេះដឹងគយ។
បន្ទាប់ពីការថ្លែងសុន្ទរកថា ស្វាគមន៍របស់លោកបណ្ឌិត គុណ ញឹម អគ្គនាយក នៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា និងជាប្រធានកិច្ចប្រជុំអគ្គនាយកគយអាស៊ានលើកទី២៥ លោកបណ្ឌិត អូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានថ្លែងសុន្ទរកថា បើកកិច្ចប្រជុំ ដោយលើកឡើងពីជោគជ័យរបស់ប្រទេសអាស៊ាន ក្នុងការជំរុញកំណើនទំហំពាណិជ្ជកម្មនិងការលើកកម្ពស់ឧត្តមភាពប្រកួតប្រជែងសេដ្ឋកិច្ចក្នុងតំបន់និងពិភពលោក។
ទន្ទឹមនេះ លោកបណ្ឌិតក៏បានគូសបញ្ជាក់ថា ចាប់ពីការបង្កើតសមាគមន៍អាស៊ាននៅឆ្នាំ១៩៦៧ រហូតដល់ការបង្កើតជា សហគមសេដ្ឋកិច្ចអាស៊ាននាឆ្នាំ២០១៥ ប្រទេសអាស៊ានបានប្រែក្លាយខ្លួនជាតំបន់សេដ្ឋកិច្ចសេដ្ឋកិច្ចដែលមានឧត្តមភាពប្រកួតប្រជែងខ្ពស់ជាមួយនឹងកំណើនផលិតផលក្នុងស្រុក (GDP) ពី ១៣០០ ប៊ីលានដុល្លាអាមេរិក ក្នុងឆ្នាំ២០០៧ ទៅដល់ ២៦០០ ប៊ីលានដុល្លាអាមេរិក ក្នុងឆ្នាំ២០១៤ ដែលក្លាយជាតំបន់សេដ្ឋកិច្ចធំបំផុតទី៧ ក្នុងសកលលោក។ ជាមួយ-គ្នានេះ លោកបណ្ឌិត អូន ព័ន្ធមុនីរ័ត្ន បានបន្តថា កម្ពុជាបានចូលរួមយ៉ាងសកម្មក្នុងភាពជោគជ័យរបស់អាស៊ាននេះ។
លើសពីនេះ លោកបណ្ឌិត អូន ព័ន្ធមុនីរ័ត្ន ក៏បានលើកឡើងពីសមិទ្ធផលដែលរដ្ឋបាលគយអាស៊ានបានរួម-ចំណែក ក្នុងការបង្កើតសហគមន៍សេដ្ឋកិច្ចអាស៊ានតាមរយៈការលើកកម្ពស់កិច្ចសម្រួលពាណិជ្ជកម្ម និងបានលើកទឹកចិត្តឲ្យអគ្គនាយគយអាស៊ានទាំងអស់បន្តខិតខំអនុវត្តផែនការអភិវឌ្ឍគយ និងការងារសមាហរណ-កម្មគយអាស៊ាន ដើម្បីឈានសម្រេចគោលដៅរបស់ប្រមុខរដ្ឋាភិបាលអាស៊ានដែលបានកំណត់ក្នុង “ទស្សនសហគមន៍អាស៊ាន២០២៥”។
សូមបញ្ជាក់ថា កម្ពុជាធ្លាប់ធ្វើជាម្ចាស់ផ្ទះនិងជាប្រធានកិច្ចប្រជុំអគ្គនាយកគយអាស៊ានលើកទី១៥ នៅក្រុងសៀមរាប ឆ្នាំ២០០៦។ ជាក់ស្តែងបើយោងតាមការព្យាករណ៍នាពេលថ្មីនេះរបស់ធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំឆ្នាំ២០១៦ ជាមួយនឹងកំណើនសេដ្ឋកិច្ចខ្ពស់រយៈពេល ០៥ ឆ្នាំជាបន្តបន្ទាប់ ប្រទេសកម្ពុជានឹងក្លាយជាខ្លាសេដ្ឋកិច្ចថ្មីរបស់អាស៊ី៕
មតិយោបល់