ភ្នំពេញៈ នៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០១៨ វេលាម៉ោង១រសៀល មានករណីជនសង្ស័យធ្វើសកម្មភាពលួចទូរសព្ទដៃ១គ្រឿង នៅចំណុចហាងលក់ទូរសព្ទផ្ទះលេខ ៥២ ផ្លូវលេខ១៦៣ ក្រុម១៧ ភូមិ៣ សង្កាត់ទួលទំពូង១ ខណ្ឌចំការមន រាជធានីភ្នំពេញ។
ជនសង្ស័យមានឈ្មោះ សេង គ្រុយ ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុនទេសចរណ៍ អ៊លឌ្រីម ស្នាក់នៅផ្ទះលេខ ១០Eo វិថីសុធារស សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ។ ចំណែកជនរងគ្រោះឈ្មោះ ឃី វ៉ាន់សី ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរលក់ទូរសព្ទដៃ ស្នាក់នៅផ្ទះជួលលេខ៥២ ផ្លូវ ១៦៣ ក្រុម១៧ ភូមិ៣ សង្កាត់ទួលទំពូង១ ខណ្ឌចំការមន ។
ក្នុងនោះដែរ សមត្ថកិច្ចធ្វើការដកហូតបាន ទូរសព្ទដៃ១ គ្រឿង ម៉ាក អាយហ្វូន 7Plus ពណ៌ខ្មៅ គ្មានស៊ីម ( បានប្រគល់ជូនរងគ្រោះវិញ ) និងម៉ូតូ១គ្រឿង របស់ជនសង្ស័យ ។
មុនពេលកើតហេតុ ជនរងគ្រោះ កំពុងអង្គុយលក់ទូរសព្ទនៅផ្ទះរបស់ខ្លួន នៅចំណុចកើតហេតុខាងលើ ក៏មានជនសង្ស័យម្នាក់ខាងលើ បានមកធ្វើជារកទិញទូរសព្ទដៃ១ គ្រឿង ម៉ាក 7 Plus ពណ៌ ខ្មៅ ជនរងគ្រោះក៏បានហុចទូរសព្ទឲ្យមើល ហើយពេលជនរងគ្រោះកំពុងរវល់លក់ ស្រាប់តែជនសង្ស័យបានកាន់ទូរសព្ទ របស់គាត់នោះដើរចេញ តែពេលនោះជនរងគ្រោះ ក្រឡេកឃើញទាន់ក៏ស្ទុះទៅឃាត់ខ្លួន ជនសង្ស័យរួចប្រគល់ឲ្យសមត្ថកិច្ចយើងតែម្តង។
បច្ចុប្បន្ន ជនសង្ស័យ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌចំការមន ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីបន្តទៀត៕
មតិយោបល់