បន្ទាយមានជ័យៈ យោងតាមពាក្យបណ្តឹងរបស់ជនរងគ្រោះឈ្មោះ ឈៀន ធី ភេទប្រុស អាយុ៥១ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នរស់នៅភូមិអូរជ្រៅ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ស្តីពីករណីហឹង្សាដោយចេតនា និងធ្វើឲ្យខូចខាតទ្រព្យសម្បត្តិអ្នកដ៏ទៃ ប្រព្រឹត្តនៅវេលាម៉ោង១និង៣០នាទីរសៀល ថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៨ ស្ថិតនៅចំណុចភូមិអូរជ្រៅ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានឲ្យដឹងថា ក្រោយទទួលបានពាក្យបណ្តឹង និងអនុលោមទៅតាមការណែនាំរបស់ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត លោកបានដឹកនាំកម្លាំងចុះធ្វើការស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ សែន ជ័យ ហៅសុទ្ធ ភេទប្រុស អាយុ ៤០ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នរស់នៅភូមិក្បាលស្ពាន២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដើម្បីសួរនាំអំពីអង្គហេតុខាងលើ។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានបញ្ជាក់ថា ក្រោយធ្វើការសាកសួរ ជនសង្ស័យខាងលើ បានឆ្លើយសារភាពថា ខ្លួនបានយកដុំថ្ម និងកៅអីដែក គុបចូលទៅក្នុងតូបលក់ចាប់ហួយ របស់ជនរងគ្រោះខាងលើ ហើយបានប្រតាយប្រតប់គ្នា និងមានដែកចុងស្រួច បម្រុងនឹងចាក់ជនរងគ្រោះទៀតផង។ ពេលទទួលបានចម្លើយសារភាពរបស់ជនសង្ស័យ លោកបានកសាងសំណុះរឿង បញ្ជូនជនសង្ស័យនិងវត្ថុតាង មកទីបញ្ជាការកងរាជអាវុធហត្ថខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់។
លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារយុត្តិធម៌ បានបញ្ជាក់បន្ថែមថា តាមការសាកសួររបស់កម្លាំងជំនាញជនសង្ស័យ បានសារភាពថា ខ្លួនពិតជាបានប្រព្រឹត្តអំពើហឹង្សា និងវាយបំផ្លាញទ្រព្យសម្បត្តិ របស់ជនរងគ្រោះ ពិតប្រាកដមែន។ ដោយយោងលើចម្លើយសារភាពរបស់ជនសង្ស័យ និងតាមការបំភ្លឺរបស់ជនរងគ្រោះ និងដោយផ្អែកលើអង្គហេតុខាងលើ កម្លាំងជំនាញបានកសាងសំណុំរឿង បញ្ជូនជនសង្ស័យនិងវត្ថុតាង ទៅតុលាការដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់៕
https://youtu.be/-8-3ljCVDNA

មតិយោបល់