ព័ត៌មានជាតិ

បញ្ជូនខ្លួនស្ត្រីសង្ស័យ ២នាក់ ទៅតុលាការរឿងចរាចរ លុយក្លែងក្លាយ!

ភ្នំពេញៈ នៅព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៨នេះ កម្លាំងនគរបាលខណ្ឌទួលគោក បានបញ្ជូនស្ត្រីសង្ស័យ ២នាក់ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី ពាក់ព័ន្ធករណី ចរាចរប្រាក់ក្លែងក្លាយ។

យោងតាមប្រភពពីសមត្ថកិច្ច ជនសង្ស័យទាំង២នាក់ទី១ឈ្មោះ លី ស្រីពៅ ភេទស្រី អាយុ ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅភូមិស្ដៅ ឃុំល្វារលើ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល និងទី២ឈ្មោះ ចាន់ សារ៉េត ភេទស្រី អាយុ ៥២ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ផ្លូវបេតុង សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ជនសង្ស័យទាំង២នាក់ត្រូវបានសមត្ថកិច្ចខណ្ឌទួលគោក ឃាត់ខ្លួន កាលពីថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១៨ ចំណុចផ្ទះសំណាក់ ឌីឌី មានទីតាំងផ្ទះលេខ៥៧D ផ្លូវលេខ២៣០ ក្រុមទី១៧ ភូមិ៧ សង្កាត់ទឹកល្អក់ ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ពាក់ព័ន្ធករណីឆបោក និង ចរាចររូបិយប័ណ្ណក្លែង (ប្រាក់ដុល្លារក្លែងក្លាយ)។

សមត្ថកិច្ចបន្តថា ការឃាត់ខ្លួនជនសង្ស័យខាងលើ តាមបណ្តឹង របស់ ជនរងគ្រោះ ឈ្មោះ ហេង វង្សរ៉ាឌី ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ បុគ្គលិកធានាគារ និងជាម្ចាស់ផ្ទះសំណាក់យីហោ ឌីឌី ស្នាក់នៅផ្ទះលេខ៥៧D ផ្លូវ លេខ២៣០ ក្រុមទី១៧ ភូមិ ៧ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

នៅពេលឃាត់ខ្លួន សមត្ថកិច្ចដកហូតវត្ថុតាងរួមមាន៖
-ក្រដាសប្រាក់ដុល្លារក្លែងក្លាយចំនួន ៧៤០ដុល្លារ
-ម៉ូតូមួយគ្រឿងម៉ាក Honda Wave ពណ៌ខ្មៅ ពាក់ស្លាកលេខ តាកែវ 1F-3914
-ទូរសព្ទចំនួន២គ្រឿងម៉ាក Samsung ពណ៌១ គ្រឿង និងម៉ាក Vfone ពណ៌ខ្មៅ១គ្រឿង។

បច្ចុប្បន្ន ជនសង្ស័យទាំង២ស្ថិតក្រោមចំណាត់ការរបស់លោក រៀល សុភិន ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ៕

មតិយោបល់