(ស្វាយរៀង)៖ ព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៦ ម៉ោង៧:០០ ព្រឹក បន្ទាប់ពីគោរពទង់ជាតិរួច នៅស្នងការដ្ឋាននគរបាល ខេត្តស្វាយរៀង បានរៀបចំពិធីសំណេះសំណាល និងចែកគ្រឿងឧបភោគ បរិភោគ ដល់កងកម្លាំងនគរបាល ទូទាំងខេត្ត ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ។
អំណោយទាំងនេះ ផ្តល់ដោយលោកនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងលោកស្រី លោកម៉ែន វិបុល អភិបាលនៃគណៈអភិបាល ខេត្តស្វាយរៀង និងលោកស្រី ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ កឹង ឃន ស្នងការនគរបាលខេត្ត លោក លោកស្រីស្នងការរង ដោយមាការចូលរួមពី លោកអនុប្រធានការិយាល័យកណ្តាល លោក លោកស្រីនាយ នាយរងការិយាល័យ អធិការក្រុង ស្រុក នាយប៉ុស្តិ៍ទាំង ៨០ប៉ុស្តិ៍ និងកងកម្លាំងចំណុះស្នងការដ្ឋាន សរុបវត្តមាន ប្រមាណ ៤០០ នាក់។
មានប្រសាសន៍ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ កឹង ឃន ស្នងការនគរបាលខេត្ត បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើ សួរសុខទុក្ខ ពីសំណាក់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោកនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងលោកម៉ែន វិបុល អភិបាលខេត្តស្វាយរៀង ដល់កងកម្លាំងនគរបាល ខេត្តស្វាយរៀង ដែលសបញ្ជាក់ពីការយកចិត្តទុកដាក់ របស់ថ្នាក់ដឹកនាំ ក្រសួងមហាផ្ទៃ ជាពិសេសថ្នាក់ដឹកនាំ អគ្គស្នងការនគរបាលជាតិ និងឯកឧត្តម អភិបាលខេត្ត។ ក្នុងនោះដែរលោកស្នងការ បានផ្តាំផ្ញើ និងដាស់តឿន ក្រើនរំលឹក ដល់កងកម្លាំងនគរបាល ទូទាំងខេត្ត ឱ្យបន្តបម្រើ ការពារសន្តិសុខ សុវត្ថិភាពសង្គម ជូនប្រជាពលរដ្ឋ ជាពិសេសក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ ប្រពៃណីជាតិ ខាងមុខ ត្រូវរក្សាឱ្យបានសន្តិសុខ សុវត្ថិភាពល្អ ជូនដល់បងប្អូនប្រជាពលរដ្ឋ ឱ្យកាន់តែល្អប្រសើរ។ បន្តការពារ តាមគោលដៅសំខាន់ៗ និងបន្តតាមដាន រាល់មុខសញ្ញា ហើយរាយការណ៍ឱ្យបានលឿន តាមប្រព័ន្ធបច្ចេកវិទ្យា ដែលបានចងក្រងរួចហើយ និងត្រូវមានមុខប្រចាំការ ២៤/២៤ម៉ោង។
ហើយ អំណោយទាំងអស់ ត្រូវបានបែងចែក ជូនដល់កងកម្លាំងដូចខាងក្រោម៖
ស្នងការរង អនុប្រធានសេនាធិការដ្ឋាន អនុប្រធានការិយាល័យកណ្តាល ទទួលបានទឹកក្រូច ២កេស តាមការិយាល័យទទួលបាន អង្ករ ១បាវ ទឹកត្រី ១យួរ ទឹកស៊ីអ៊ីវ ១យួរ ទឹកក្រូច ២កេស តាមអធិការដ្ឋាននគរបាលក្រុងស្រុក និងប៉ុស្តិ៍នគរបាលរដ្ឋបាល ទទួលបាន អង្ករ ១បាវ ទឹកត្រី ១យួរ ទឹកស៊ីអ៊ីវ ១យួរ ទឹកក្រូច ២កេស៕
មតិយោបល់