ព័ត៌មានជាតិ

បុរសបើករថយន្តស៊េរីទំនើបម្នាក់ ត្រូវក្មេងស្ទាវជិះ ៨គ្រឿងព្រួតវាយរងរបួសធ្ងន់ នៅខណ្ឌទួលគោក

ភ្នំពេញ: កាលពីវេលាម៉ោង ៤ទៀបភ្លឺ ថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៩ ត្រង់ចំណុចក្បែរស្ពានអាកាស៥មករា ស្ថិតតាមបណ្ដោយផ្លូវ២៨៩ កែងនិងផ្លូវរថភ្លើង សង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ អ្នកបើករថយន្តស៊េរីទំនើបមួយ ត្រូវក្រុមក្មេងស្ទាវព្រួតវាយបណ្ដាលឲ្យរងរបួស។

ដំណើររឿង៖ នៅមុនពេលកើតហេតុគេឃើញ បុរស២នាក់បើករថយន្តស៊េរីទំនើបមួយគ្រឿងម៉ាក ឡុចស៊ីសGS300 ពណ៌សពាក់ស្លាកលេខ ភ្នំពេញ 2Q-8533 ធ្វើដំណើរពីត្បូងទៅជើង និងបានបើកដេញតាមពីក្រោយក្មេងស្ទាវមួយក្រុម ដែលជិះម៉ូតូ៨គ្រឿង មិនចាំម៉ាកក្នុងល្បឿនយ៉ាងលឿន លុះមកដល់ចំណុចកើតហេតុក្រុមក្មេងស្ទាវ ក៏បាននាំគ្នាបើកម៉ូតូបត់ឆ្វេងចូលទៅក្នុងផ្លូវបេតុង ដែលនៅអមនិងរថភ្លើង ខណ:ពេលនោះរថយន្តខាងលើក៏បានបត់ឆ្វេងទៅតាមពីក្រោយ រួចក៏ជ្រុលទៅបុកនិងបង្គោលថ្មមួយដើមជាប់នឹងផ្លូវរថភ្លើង បណ្តាលឲ្យរថយន្តរងការខូចខាតក្រពឹតនិងបែកកង់ខាងមុខចំហៀងខាងភ្លាមៗនោះ អ្នកបើកបររថយន្តព្យាយាមថយក្រោយវិញ បំណងបើកគេចចេញពីកន្លែងកើតហេតុ ប៉ុន្តែថយក្រោយបានបន្តិច ស្រាប់តែក្រុមក្មេងស្ទាវមួយក្រុមនោះ បាននាំគ្នាជិះម៉ូតូត្រឡប់មកវិញ ហើយនាំគ្នារើសដុំថ្មយកទៅវាយកម្ទេចរថយន្ត បណ្ដាលឲ្យរងការខូចខាតបែកកញ្ចក់ ស្ទើរទាំងស្រុង និងព្រួតគ្នាវាយទៅលើបុរសដែលជាអ្នកបើកបររថយន្តម្នាក់ បណ្តាលឲ្យរងរបួសបែកឈាមហូរប្រឡាក់ពេញរថយន្ត។

ក្រោយកើតហេតុក្រុមក្មេងស្ទាវជិះម៉ូតូរត់បាត់ស្រមោល រីឯជនរងគ្រោះត្រូវមិត្តយកទៅមន្ទីរពេទ្យធ្វើការព្យាបាល បន្ទាប់មកសមត្ថកិច្ចមូលដ្ឋានបានចុះ មកធ្វើការអន្តរាគមន៍ដល់ទីតាំង យករថយន្តទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីរង់ចាំម្ចាស់មកធ្វើការដាក់ពាក្យបន្តឹង និងទទួលយកត្រឡប់ទៅវិញ៕

មតិយោបល់