ត្បូងឃ្មុំៈ យោងតាមផេក ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំបានឲ្យដឹងថា ក្នុងរយៈពេល១៦ម៉ោង កម្លាំងនគរបាលជំនាញ ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ បានបំបែកករណីឃាតកម្ម (សម្លាប់) នៅភូមិដងកាំបិត ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ កាលពីវេលាម៉ោង៦និង៣០នាទីយប់ ថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៨បានហើយ ។
ស្ត្រីរងគ្រោះដែលត្រូវបានគេសម្លាប់នោះមានឈ្មោះ ស្មាន ជះ ភេទស្រី អាយុ៤៨ឆ្នាំ (ជនជាតិខ្នែរឥស្លាម មានសតិមិនប្រក្រតី)រស់នៅកន្លែងកើតហេតុ។
លោកឧត្ដមសេនីយ៍ទោ បែន រត្ន័ ស្នងការនគរបាលខេត្តត្បូងឃ្មុំ បានដាក់បទបញ្ជាទៅលោកឧត្ដមសេនីយ៍ត្រី ប្រាក់ ប៊ុន ណុន ស្នងការរងទទួលបន្ទុកព្រហ្មទណ្ឌ លោកវរសេនីយ៍ទោ ចក់ សុខកៅ នាយការិយាល័យព្រទណ្ឌកម្រិតធ្ងន់ និងមន្ត្រីជំនាញ ចុះសហការ ជាមួយស្រុកបើកការស៊ើបអង្កេតកំណត់មុខសញ្ញាជនសង្ស័យម្នាក់ដែលជាជនជាតិខ្មែរឥស្លាមឈ្មោះ ហាប់ យ៉ាន ភេទប្រុស អាយុ៤៥ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិសង្គមថ្មី ឃុំស្រឡប់ ស្រុកត្បូងឃ្មុំខេត្តត្បូងឃ្មុំ ។
ជនស្ស័យរូបនេះបានសារភាពថា ខ្លួនធ្លាប់បានចាប់រំលោភជនរងគ្រោះរហូតមានផ្ទៃពោះ៤ខែម្តងរួចមកហើយ តែក្រុមគ្រួសារទាំងសងខាង សម្រួលឲ្យរំលូតកូនចេញដើម្បីបញ្ចប់រឿង។
បងថ្លៃស្ត្រីរងគ្រោះបានរៀបរាប់ថា ជនសង្ស័យជាអ្នករស់នៅក្បែរភូមិក្បែរគ្នា ហើយរូបគេបានចាប់រំលោភប្អូនថ្លៃខ្លួនរហូតមានផ្ទៃពោះម្ដងរួចមកហើយតែដោយសារមិនចង់មានរឿងវែងឆ្ងាយណាមួយប្អូនថ្លៃខ្លួនជាមនុស្សមិនគ្រប់ទឹកផង ក៏ត្រូវបានក្រុមគ្រួសារសម្រេចឲ្យពន្លូតកូនចេញដើម្បីបញ្ចប់រឿង តែជននេះមិនព្រមចប់ តែងតែគំរាមសម្លាប់ស្ត្រីប្អូនថ្លៃខ្លួនជាញឹកញាប់ រហូតដល់ថ្ងៃកើតហេតុដោយឃើញឱកាសល្អ ហើយឃើញប្អូនថ្លៃរបស់ខ្លួននៅតែម្នាក់ឯងផងនោះ ក៏បានចូលទៅចាប់រំលោភម្ដងទៀតតែមិនបានសម្រេច ដោយខ្លាចថាស្ត្រីរងគ្រោះយករឿងប្រាប់ទៅក្រុមគ្រួសារម្ដងទៀត ក៏សម្លាប់បំបិទមាត់តែម្ដងទៅ។
បច្ចុប្បុន្នជនសង្ស័យត្រូវបានកម្លាំងជំនាញអធិការដ្ឋាននគរបាលត្បូងឃ្មុំ កំពុងកសាងសុំណុំរឿងចាត់ការបន្តតាមនិតិវិធីច្បាប់។ ចំណែកសពស្ត្រីត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។
មតិយោបល់