ភ្នំពេញៈ សមត្ថកិច្ចម្នាក់ដែលមានតួនាទីជាឧត្តមសេនីយ៍ត្រី ត្រូវកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ សហការជាមួយនគរបាលខណ្ឌសែនសុខ នាំខ្លួនយកទៅសាកសួរ ក្រោយពីផ្ទុះអាវុធជាច្រើនគ្រាប់នៅក្នុងផ្ទះរបស់ខ្លួន។
ហេតុការណ៍នេះកាលពីម៉ោង៦និង៣០នាទីយប់ ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៨ នៅចំណុចផ្ទះលេខ៤៩៩ ផ្លូវ១០០៣ ភូមិទំនប់សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
តាមសម្តីរបស់លោកឧត្តមសេនីយ៍ត្រីដែលផ្ទុះអាវុធក្នុងផ្ទះនោះមានឈ្មោះ ចាន់ ណារិន អាយុ៥២ឆ្នាំ មុខរបរជានគរបាល មានតួនាទីជាអនុប្រធាននាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ ស្នាក់នៅផ្ទះលេខ៤៩៩ ផ្លូវ១០០៣ ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ មានស្រុកកំណើតភូមិអរិយក្សត្រ ឃុំអរិយក្សត្រ ស្រុកល្វាឯម ខេត្តកណ្តាល។
តាមប្រភពនៅក្បែរកន្លែងកើតហេតុបានប្រាប់ថា កាលពីម៉ោង៤និង២០នាទីរសៀល ស្រាប់តែឮសម្លេងផ្ទុះគ្រាប់កាំភ្លើងបាញ់ចេញពីផ្ទះបុរសខាងលើចំនួន៥ទៅ៦គ្រាប់ បង្កការភ្ញាក់ផ្អើលដល់ពលរដ្ឋជិតខាង ពេលនោះក៏មានប្រជាពលរដ្ឋរាយការណ៍ទៅសមត្ថកិច្ចឱ្យចុះទៅពិនិត្យនៅកន្លែងផ្ទះកើតហេតុ។
ភ្លាមៗនោះ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ សហការនឹងនគរបាលខណ្ឌសែនសុខ ចុះដល់ផ្ទះកើតហេតុ និងនាំខ្លួនដែលជាអ្នកបាញ់មកសាកសួរភ្លាមៗ ព្រមទាំងដកហូតកាំភ្លើងម៉ាក CS98 មានលេខ០០២២៤៣ ។ ហើយនៅចំពោះមុខសមត្ថកិច្ចលោកឧត្តមសេនីយ៍ប្រាប់ថា មុនកើតហេតុ គាត់អង្គុយលើកៅអីនិយាយគ្នាលេងជាមួយគ្រួសារ តែក្រោយមកគាត់ក្រោកឈរ ស្រាប់តែកាំភ្លើងដែលគាត់សៀតនៅចង្កេះនោះ ទាក់នឹងកៅអីបណ្តាលឲ្យជ្រុះមកដី ហើយរាលកៃផ្ទុះ១គ្រាប់តែម្តងទៅ ក្រោយមកក៏មានសមត្ថកិច្ចចុះទៅហៅគាត់មកសាកសួរ។
បច្ចុប្បន្ន លោកឧត្តសេនីយ៍ខាងលើត្រូវបានបញ្ជូនទៅធ្វើការសាកសួរ បណ្តោះអាសន្ននៅការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់រាជធានីភ្នំពេញ៕
មតិយោបល់