បន្ទាយមានជ័យ: មន្ត្រីកាំកុងត្រូលចុះពិនិត្យរកផលិតរបស់ក្រុមហ៊ុនអាហារសម្រាប់ទារក និងកុមារតូចៗនាំចូលពីប្រទេសកាណាដា រកឃើញកំហុសឆ្គង ។
ការចុះត្រួតពិនិត្យ និងអនុវត្តន៍នេះ បានប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី០៨ ខែមីនា ឆ្នាំ២០១៧ នៅស្តង់ និងម៉ាតស្ថិតក្នុងក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។
លោក ហុង លៀង អនុប្រធានសាខាកាំកុងត្រូលខេត្តបន្ទាយមានជ័យ បានប្រាប់អោយដឹងថា ដោយមានសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម និងមានការណែនាំពីអគ្គនាយកដ្ឋានកាំកុងត្រូល
លោកបានបញ្ជាអោយមន្ត្រីជំនាញខេត្តបន្ទាយមានជ័យ ចុះត្រួតពិនិត្យរកផលិតផលរបស់ក្រុមហ៊ុន (Loblaw Company Limited) បានប្រមូលត្រឡប់មកវិញនូវ ផលិតផលអាហារ សម្រាប់ទារកនិងកុមារតូចៗ
(PC.Organic.Brand) ពីទីផ្សារប្រទេសកាណាដា ក្រោយពីបានរកឃើញមានកំហុសឆ្គង ដែលបានកើតឡើងនូវសង្វាក់ផលិតកម្ម ដែលជាកក្តានុពលអំណោយផលដល់ការលូតលាស់បាក់តេរីនៅក្នុងផលិតផលនេះ ។
លោកបានបញ្ជាក់បន្ថែមថា ស្ព័ររបស់បាក់តេរីនេះនៅក្នុងលក្ខខណ្ឌសមប្រកប (មិនមានខ្យល់មានភាពសើម) អាចលូតលាស់ដុះដាល និងផលិតសារធាតុពុលខ្លាំងចំពោះកោសិកាសសៃប្រសាទ
ដែលនឹងបង្ករគ្រោះថ្នាក់ដល់សុខភាពមនុស្ស ហើយក្នុងករណីធ្ងន់ធ្ងរអាចបណ្តាលស្លាប់បាត់បង់ជីវិត ។ ក្នុងការផ្តល់ព័ត៌មានដល់ក្រុមហ៊ុននាំចូលដល់អាជីវករ លក់ដុំ និងរាយក្នុងករណីមាននាំចូល
និងមានចរាចរណ៍លើទីផ្សារ ត្រូវចុះពិនិត្យ និងផ្សព្វផ្សាយណែនាំដល់អាជីវករបញ្ឈប់ទិញលក់ បើមានលើទីផ្សារ និងមានវិធានការណ៍ប្រមូលចាត់ការតាមច្បាប់ ។
លោក ស៊ាន ស៊ីណាត ប្រធានសាខាកាំកុងត្រូលខេត្តបន្ទាយមានជ័យ បានបញ្ជាក់បន្ថែមទៀតថា នៅពេលដែលមន្ត្រីជំនាញចុះត្រួតពិនិត្យនៅតាមទីផ្សារ និងស្តង់តូបម៉ាតក្នុងក្រុងសិរីសោភ័ណ
គឺរកមិនឃើញផលិតអាហាបំប៉នឡើយ ប៉ុន្តែរកឃើញតែចាហួយដូង (ថាញ់បិញ) នាំចូលពីប្រទេសវៀតណាម ប្រមូលបានចំនួន៩កញ្ចប់ស្មើនិង៦គីឡូក្រាមកន្លះ ។ នៅពេលមន្ត្រីជំនាញចុះពិនិត្យរកមិនឃើញអាហារបំប៉នហាមឃាត់គឺបានផ្សព្វផ្សាយណែនាំអោយបញ្ឈប់ដាក់លក់នៅលើទីផ្សារបើមានត្រូវសហការជាមួយមន្ត្រីជំនាញភ្លាម ។
លោកបានបញ្ជាក់ថា ជាក់ស្តែងមន្ត្រីកាំកុងត្រូលខេត្តបន្ទាយមានជ័យ ប្រចាំច្រកទ្វារអន្តរជាតិប៉ោយប៉ែត បានចុះធ្វើការត្រួតពិនិត្យ ដើម្បីពង្រឹងការត្រួតពិនិត្យរាល់ទំនិញនាំចូលពីប្រទេសថៃ តាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត បានរកឃើញសាច់មាន់ ឆ្អឹងមាន់ខូចគុណភាព ដែលពួកក្រុមឈ្មួញលួចនាំចូលពីប្រទេសថៃ ចំនួន១០០គីឡូក្រាម ដែលដឹកតាមរទេះបង្កប់ ត្រូវបានចាត់ការទៅតាមផ្លូវច្បាប់ ៕
មតិយោបល់