សៀមរាបៈ ល្បែងឆ្នោតសៀម និងយួន ត្រូវបានបើកឲ្យលេងដោយចំហ នៅក្រុងសៀមរាប ប្រៀបដូចជា ផ្សារត្រីអញ្ចឹងហើយ ករណីនេះគេទម្លាយមកថា បានបង់លុយឲ្យសមត្ថកិច្ចអស់រាប់លានរៀលក្នុង១ខែៗ។
មតិសាធារណជន បាននិយាយតគ្នាថា ល្បែងឆ្នោតសៀម និងឆ្នោតយួននេះ ត្រូវបានក្រុមអ្នកលេងក្នុង ខេត្តសៀមរាប សប្បាយចិត្ត និងបើកឲ្យគេចាក់ ដោយសេរី ទៅតាមតូចឬធំ ស្រេចតែចិត្តក៏មេចាំទទួលជានិច្ច។
ប្រភពដដែល បានឲ្យដឹងទៀតថា ការបើកឲ្យលេងឆ្នោតដោយសេរី នៅក្នុងខេត្តសៀមរាបនេះដែរ គឺ ដោយមានខ្នងបង្អែកជាសមត្ថកិច្ចធំៗ មួយចំនួន បានប្រើឲ្យមន្ត្រីក្រោមឱវាទចំនួន២នាក់ ជាអ្នកដើរប្រមូលសេដ្ឋកិច្ច ឡើងឲ្យជារៀងរាល់ថ្ងៃ។ ចំពោះទីតាំងដែលបើកឲ្យលេងដោយសេរីនោះគឺនៅខាងក្រោយផ្សារលើ ក្នុងផ្សារសាមគ្គី ជិតវត្តពោធិ៍លង្កា ផ្សារដើមក្រឡាញ់ ដែលមានមេធំចំនួនបីនាក់មកពីភ្នំពេញ។
ប្រភពបន្តថា បន្ទាប់ពីមានការបើកឲ្យលេងល្បែងឆ្នោតគ្រប់ប្រភេទក្នុងខេត្តទេសចរណ៍នេះហើយទើបគេសង្កេតឃើញ មានករណី ចោរកម្មផ្សេងៗកើតមានជាហូរហែ ហើយករណីនេះពលរដ្ឋមានក្តីកង្វល់ពីសេចក្តីសុខសុវត្ថិភាព របស់ពួកគាត់យ៉ាងខ្លាំង បន្ទាប់ពីឃើញសភាពយ៉ាងដូច្នេះ។ បច្ចុប្បន្ននេះ ល្បែងឆ្នោតត្រូវបានគេធ្វើច្បាប់ឲ្យថា ជាឆ្នោតខ្មែរតែផ្ទុយទៅវិញមានលក់តែឆ្នោតសៀមនិងយួនទៅវិញ។
នាព្រឹកថ្ងៃទី១៥ ខែមិថុនា ២០១៦នេះ លោកឧត្តមសេនីយ៍ត្រី ប៉ោ វណ្ណនិត មេបញ្ជាការកងរាជអាវុធហត្ថខេត្ត បានឲ្យដឹងថា ករណីល្បែងឆ្នោតនេះ គឺលោកនឹងសុំគោលការទៅខេត្តសិនរួចនឹងដាក់កម្លាំងចុះបង្ក្រាបតែម្តង។
ជុំវិញករណីនេះដែរ មជ្ឈដ្ឋានពលរដ្ឋ មានការទន្ទឹងរង់ចាំមើលហើយមើលទៀតថា តើលោកឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប អាចបញ្ជាឲ្យកងកម្លាំងក្នុងខេត្តបង្ក្រាបបានឬយ៉ាងណាឬក៏ទុកបន្សល់ឲ្យកូនចៅមានចំហាយពីបទល្មើសខ្លះ? ព្រោះអីមួយរយៈនេះ គេឃើញចាប់មួយដង្ហើមចង្រិតប៉ុណ្ណោះ។
សូមបញ្ជាក់ថា ប្រមុខនៃរាជរដ្ឋាភិបាលបានធ្វើការព្រមានយ៉ាងធ្ងន់ៗឲ្យមន្ត្រីនិងកងកម្លាំងប្រដាប់អាវុធដកខ្លួន ចេញឲ្យឆ្ងាយពីបទល្មើសផ្សេងៗដូចជាល្បែងស៊ីសង បទ ល្មើសព្រៃឈើ ជាដើម៕
មតិយោបល់