ព័ត៌មានជាតិ

បុកគ្នាដួលពេញផ្លូវ ដោយសាររថយន្តមួយគ្រឿងមិនគោរពភ្លើងសញ្ញាចរាចរណ៍!

ភ្នំពេញ: ម៉ូតូ២គ្រឿង ជិះបុករថយន្តកាមេរីបាឡែន ដែលមិនគោរពភ្លើងសញ្ញាចរាចរណ៍ពេញទំហឹង បណ្តាលឲ្យបុរស២នាក់ រងរបួសធ្ងន់ស្រាល ត្រូវរថយន្តសាមុយដឹកយកទៅសង្គ្រោះ។ រីឯរថយន្តវិញជិះរត់គេចខ្លួនបាត់ស្រមោលឈឹង ។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ១១យប់ថ្ងៃទី១១ ខែកុម្ភ: ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវ៣១០ កែងផ្លូវព្រះមុនីវង្ស សង្កាត់ បឹងកេងកងទី២ ខណ្ឌចម្ការមន រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសម្នាក់ ជិះម៉ូតូម៉ាកឌ្រីមសង់សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ ២០១៥ ពាក់ស្លាកលេខ ភ្នំពេញ 1DB-3677 ស្រាប់តែមានរថយន្តមួយគ្រឿងម៉ាកកាមេរីបាឡែន ពណ៌ស មិនចាំស្លាកលេខ បើកក្នុងល្បឿនលឿនមិនគោរពភ្លើងសញ្ញាចរាចរណ៍ ក៏ត្រូវម៉ូតូឌ្រីមសង់បុកចំពីមុខ និងមានម៉ូតូមួយគ្រឿងទៀតម៉ាកឃ្លីក ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1BP-6444 បុកតពីក្រោយម៉ូតូឌ្រីមសង់បន្ថែមទៀត បណ្តាលឲ្យបុរស២នាក់រងរបួសធ្ងន់ស្រាល ត្រូវរថយន្តសាមុយដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យ សុខ លាភ មេត្រី រីឯរថយន្តវិញបើករត់គេចខ្លួនបាត់ស្រមោលឈឹង ។

ក្រោយពេលកើតហេតុសមត្ថកិច្ចក៏ធ្វើការវាស់វែងយកម៉ូតូទាំង២គ្រឿង យកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលខណ្ឌចម្ការមន ដើម្បីស្វែងរករថយន្តមកធ្វើការដោះស្រាយទៅតាមនិតិវិធីច្បាប់បន្តទៀត ៕

មតិយោបល់