ព័ត៌មានជាតិ

ថ្ងៃស៊យ! ឆក់កាបូបជនបរទេសមិនបានសម្រេច ជាប់ខ្នោះរបស់សមត្ថកិច្ច

ភ្នំពេញ: បុរស២នាក់ ជិះម៉ូតូម៉ាកឌ្រីមសង់ធ្វើសកម្មភាពឆក់ជនបរទេសមិនបានសម្រេច ក៏ត្រូវបានរថយន្តដេញបុកម៉ូតូជនសង្ស័យ២នាក់នោះ បណ្តាលឲ្យដួល ត្រូវបានសមត្ថកិច្ចចាប់បានម្នាក់ និងម្នាក់ទៀតរត់គេចខ្លួនបាត់ស្រមោលឈឹង។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ១១និង៣០នាទីយប់ថ្ងៃទី ១១ ខែ កុម្ភ: ឆ្នាំ ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវ ព្រះសុរាម្រិត កែងផ្លូវ ព្រះស៊ីសុវត្ថិ សង្កាត់ ចតុមុខ ខណ្ឌ ដូនពេញ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ ជនបរទេសចំនួន៧នាក់ ដើរនៅលើសួន ហើយក៏ដើរឆ្លងថ្នល់ ស្រាប់តែលេចមុខជនសង្ស័យ២នាក់ ជិះម៉ូតូម៉ាកឌ្រីមសង់សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ ២០១៦ ពាក់ស្លាកលេខ ភ្នំពេញ 1FP-5327 បានធ្វើសកម្មភពឆក់កាបូបពីជនបរទេសធ្វើឲ្យជនបរទេសនោះដួល តែមិនបានសម្រេចហើយព្យាយាមជិះរត់គេចខ្លួន ក៏ត្រូវបានរថយន្តហាយឡែនឌ័រមួយគ្រឿងឃើញ ជិះដេញបុកពីក្រោយម៉ូតូជនសង្ស័យនោះបណ្តាលឲ្យដួល ហើយបាក់កាត់តាប៉ូម៉ូតូ ចាប់បានម្នាក់ ហើយអ្នកបើកនោះបានរត់គេចខ្លួនបាត់ស្រមោលឈឹង នៅសល់ទុកតែម៉ូតូនិងអ្នកជិះពីក្រោយ ។

ជនសង្ស័យជិះពីក្រោយជាអ្នកធ្វើសកម្មភាពនោះមានឈ្មោះ ឈី ឆៃ អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួលនៅម្តុំកៀនស្វាយក្រៅ ស្រុកកំណើតនៅ ភូមិទ្រា ស្រុកមេសាង ខេត្តព្រៃវែង និងបក្ខពួកដែលជាម្ចាស់ម៉ូតូឌ្រីមសង់ ហើយជាអ្នកបើកធ្វើសកម្មភាពនោះមានឈ្មោះ ភ័ក្ត្រ អាយុ ប្រហែលជា ១៨ឆ្នាំ ជាអ្នកបើកម៉ូតូ ស្នាក់នៅខេត្តកណ្តាល បច្ចុប្បន្នរត់គេចខ្លួន ។

ក្រោយពេលកើតហេតុជនបរទេសក៏ទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍សមត្ថកិច្ចដើម្បីឲ្យសមត្ថកិច្ចធ្វើការកំណត់មុខសញ្ញាស្វែងរកបក្ខពួកជនសង្ស័យធ្វើការដាក់ទោសទៅតាមផ្លូវច្បាប់បន្តទៀត ៕

មតិយោបល់