ក្រចេះ: លោក កែ វិណូ អធិការរងស្រុកស្នួល ទទួលបន្ទុកផ្នែកចរាចរណ៍ បានប្រាប់Post Newsថា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយរវាងរថយន្តបានបុកជាមួយនឹងម៉ូតូ បណ្តាលឲ្យមនុស្សម្នាក់ស្លាប់យ៉ាងអាណោចអាធ័ម។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១និង២០នាទី ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៧ ស្ថិតនៅចំណុចស្ពានឆ្លូង ចន្លោះបង្គោលគីឡូមែត្រលេខ ២៧៤-២៧៥ ភូមិសំរ៉ង ឃុំឃ្សឹម ស្រុកស្នួល ខេត្តក្រចេះ។
សមត្ថកិច្ចបានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះ បង្កឡើងដោយរថយន្ត ម៉ាកសាំយ៉ុង ពណ៌បៃតងចាស់ ពាក់ស្លាកលេខ ភ្នំពេញ 2Q-1920 ដោយធ្វើដំណើរពីត្បូងទៅជើង ពេលដល់កន្លែងកើតហេតុក៏បានបុកនិងម៉ូតូម៉ាកវ៉េវវិចនេវ ពណ៌ខ្មៅ គ្មានស្លាកលេខ បើកបរដោយឈ្មោះ ឈិន ឈៀត ភេទប្រុស អាយុ ២២ឆ្នាំ ស្នាក់នៅភូមិមេមត់ ឃុំស្រុកមេមត់ ខេត្តត្បូងឃ្មុំ បណ្តាលឲ្យស្លាប់នៅកន្លែងកើតហេតុតែម្តង ចំណែកអ្នកបើកបររថយន្តបង្ក បានចុះពីលើរថយន្តរត់គេចខ្លួនបាត់ស្រមោល។
ក្រោយកើតហេតុ សមត្ថកិច្ចនគរបាលមូលដ្ឋានបានចុះមកវាស់វែង នាំយករថយន្តនិងម៉ូតូ មករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកស្នួល រង់ចាំដោះស្រាយគ្នាពេលក្រោយតាមច្បាប់បន្តទៀត។ ចំណែកសពប្រគល់ឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់