ភ្នំពេញៈ យោងតាមផេក កងរាជអាវុធហត្ថ រាជធានីភ្នំពេញ បានឲ្យដឹងថា រូបភាពថ្មី ដែលឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការ កងរាជអាវុធហត្ថ រាជធានីភ្នំពេញ បានបញ្ជាដល់កម្លាំងជំនាញ ចុះស្រាវជ្រាវនិងផ្តិតយកមកបង្ហាញជូន បងប្អូនពិចារណា នោះគឺរូបភាពបុរសសុំទានម្នាក់ ដែលមានដៃជើងនិងកម្លាំងពេញលេញ តែក្លែងធ្វើជាពិការ វារនៅលើដី ដៃជើងខ្វៃៗ ដូចសត្វអណ្តើក បោកប្រាស់ក្តីមេត្តារបស់មហាជនឲ្យមានការអាណិតអាសូដាក់ទានឲ្យ។
រាប់ឆ្នាំមកហើយ ដែលបុរសម្នាក់នេះ វារលើបន្ទះក្តារ ដូចសត្វអណ្តើក នៅតាមភ្លើងស្តុប តាមរោងចក្រ តាមផ្សារ និងទីប្រជុំជនផ្សេងៗ ក្នុងរាជធានីភ្នំពេញ ដើម្បីសុំទាន តពូជ តត្រកូល តាំងពីឪពុកដល់កូន ព្រោះតែភាពខ្ជិលច្រអូស ខ្ជិលរកការងារធ្វើ។ គាត់បានសារភាពថា ការដើរសុំទាននេះ គឺធ្វើតាមឪពុករបស់គាត់ ហើយគាត់ផ្ទាល់បានដឹកឪពុក ដើរសុំទាន តាំងពីអាយុ១០ឆ្នាំ។
ជាការពិតការដើរសុំទានពុំមានអ្វីខុសទេ ព្រោះវាជាសិទ្ធិសេរីភាពរបស់ពលរដ្ឋ គ្មានបុគ្គលឬច្បាប់ឯណាហាមឃាត់ឡើយ តែនៅពេលដែលអាជ្ញាធរនិងសមត្ថកិច្ចបន្ធូរបន្ថយមិនអើពើ បែរជាមានមតិជាច្រើនលើកឡើងថា ហេតុអ្វីអាជ្ញាធរបណ្តែតបណ្តោយឲ្យអ្នកសុំទានទាំងនេះ ដើរសុំយ៉ាងអាណាធិបតេយ្យ បង្កភាពរញ៉េរញ៉ៃ បាត់សណ្តាប់ធ្នាប់ សង្គម ធ្វើឲ្យអាប់ឱនដល់កិត្តិយសនិងកេរ្ត៍ឈ្មោះជាតិខ្មែរ ដែលធ្លាប់តែរុងរឿងខ្ពង់ខ្ពស់ឆើតឆាយ ហើយជនអគិតិមួយចំនួន ក៏បានឆ្លៀតឱកាស លើកយករូបភាពទាំងនេះ មកបន្ទោសបង្អាប់ទម្លាក់កំហុសលើរដ្ឋាភិបាល។
តាមរយៈការបង្ក្រាបរបស់អាវុធហត្ថរាជធានីភ្នំពេញជាច្រើនដងកន្លងមក បានរកឃើញថា របរសុំទានទាំងនេះ គឺកើតចេញពីភាពខ្ជិលច្រអូសប៉ុណ្ណោះ ហើយវាមិនត្រឹមតែ បង្កភាពអាណាធិបតេយ្យ រញ៉េរញ៉ៃ បាត់សណ្តាប់ធ្នាប់សង្គម ធ្វើឲ្យបរទេសប្រមាថមើលងាយ ដល់កិត្តិយសនិងកេរ្ត៍ឈ្មោះរបស់ជាតិខ្មែរដែលធ្លាប់តែរុងរឿងខ្ពង់ខ្ពស់ឆើតឆាយប៉ុណ្ណោះទេ វាថែមទាំងបង្កប់នូវបទល្មើសនិងការបោកប្រាស់ ជាច្រើនទៀតផងដែរ។
ជាក់ស្តែង ក្រុមអ្នកដើរសុំទានដែលអាវុធហត្ថរាជធានីភ្នំពេញ ធ្លាប់បានបង្ក្រាប ពាក់ព័ន្ធបទល្មើសនិងការបោកប្រាស់ មានដូចជា៖
– អ្នកសុំទានបន្លំលួចទ្រព្យសម្បត្តិអ្នកដ៏ទៃ (បង្ក្រាប ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៧)
– អ្នកសុំទានកេងប្រវ័ញ្ចពលកម្មកុមារ និងរក្សាទុកកុមារ០៧នាក់ ដោយខុសច្បាប់ ប្រើទារុណកម្មបង្ខំឲ្យកុមារ ដើរសុំទាន ដោយមិនឲ្យកុមារទាំងនោះចូលរៀន និងមិនឲ្យអាហារទទួលទានបានគ្រប់គ្រាន់ (បង្ក្រាប ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៧)
– ឪពុកម្តាយចឹញ្ចឹមកូន០៥នាក់ ទុកជាទាសករនិងជាឧបករណ៍រកលុយតាមរយៈការដើរសុំទាន (បង្ក្រាប ថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១៧)
– មេក្លោង ប្រមូលលុយ ពីអ្នកសុំទានជារៀងរាល់ថ្ងៃ ដោយក្នុង១ថ្ងៃអ្នកសុំទានម្នាក់ត្រូវបង់លុយចាប់ពី ១ម៉ឺន ទៅ១ម៉ឺន២ពាន់រៀល (បង្ក្រាប ថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៧)
– អ្នកសុំទានដែលមានកាយសម្បទារនិងកម្លាំងពេញលេញ តែដើរបោកប្រាស់មហាជនថា ជាកម្មករទើបមកពី ប្រទេសថៃ អត់លុយហូបបាយនិងអត់លុយ ជិះឡានឈ្នួលត្រឡប់ទៅស្រុកកំណើតវិញ ( បង្ក្រាប ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៧)
– អ្នកសុំទានបានលុយទិញថ្នាំញៀនជក់នៅកណ្តាលសួនច្បារទីសាធារណៈ (បង្ក្រាប ថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០១៨)
– អ្នកសុំទានដែលមានដៃជើងគ្រប់ទាំងអស់ តែក្លែងជាពិការដើរសុំទាននិងញៀនថ្នាំ ( បង្ក្រាប ថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៨)
– អ្នកសុំទានមានកាយសម្បទានិងកម្លាំងពេញលេញ សាច់ដុំរឹងមាំដូចកីឡាកាស តែក្លែងជាពិការ វារលើដីដូចអណ្តើក បោកប្រាស់ក្តីមេត្តាមហាជន (បង្ក្រាប ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៨)៕
https://youtu.be/f3_-5KuCaRM
មតិយោបល់