ព័ត៌មានជាតិ

Update៖ សាហាវមែន! ក្រុមចោរចូលលួចម៉ូតូ​ ម្ចាស់ឃើញបាញ់គំរាម១គ្រាប់ រួចជិះគេចខ្លួនបាត់ នៅខណ្ឌមានជ័យ​

ភ្នំពេញៈ ទាំងកណ្តាលថ្ងៃតែម្តងជនសង្ស័យ២នាក់ជិះម៉ូតូមួយគ្រឿងឌុបគ្នាចូលទៅលួចម៉ូតូនៅកន្លែងផ្ញើមួយកន្លែងដែលម្ចាស់ម៉ូតូចតផ្ញើទុកហើយឡើងទៅហូបបាយនៅលើផ្ទះ។

ហេតុការណ៏ភ្ញាក់ផ្អើលខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង១១និង៣០នាទី ថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៩ ស្ថិតនៅចំណុចផ្សារដីថ្មី ផ្លូវបេតុង ភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះបានចេញពីរោងចក្រមកហូបបាយហើយបានផ្ញើម៉ូតូនៅខាងក្រោម។
ស្រាប់តែមានជនសង្ស័យ២នាក់មិនស្គាល់អត្តសញ្ញាណជិះម៉ូតូសេ១២៥មួយគ្រឿង ស៊េរីឆ្នាំ២០១៨ ប្រដាប់ដោយអាវុធខ្លីសៀតលាក់ទុកនៅចង្កេះ
បានឈប់ម៉ូតូហើយបក្ខពួកម្នាក់ទៀតបានចុះពីលើម៉ូតូដើរចូលទៅធ្វើសកម្មភាពកាច់.កបញ្ឆេះជិះម៉ូតូជនរងគ្រោះជិះបានចម្ងាយប្រហែល១០០ម៉ែត្រ។ ស្រាប់តែម្ចាស់ម៉ូតូបានស្រែកឆោឡោរួមនិងអ្នកជិតខាងផង ស្រាប់តែជនសង្ស័យម្នាក់បានដកកាំភ្លើងពីចង្កេះបាញ់គំរាមឡើងលើ១គ្រាប់បណ្តាលឲ្យត្រូវទុយោទឹកបែក ហើយជនសង្ស័យទាំង២នាក់ជិះម៉ូតូម្នាក់មួយគ្រឿងគេចខ្លួនបាត់ស្រមោលដោយសុវត្ថិភាព។

សមត្ថកិច្ចបានឲ្យដឹងថាជនរងគ្រោះមានឈ្មោះ ណាំ គិន ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅចំណុចកើតហេតុ។

ក្រោយពេលកើតហេតុជនរងគ្រោះបានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលស្ទឹងមានជ័យ៣
ក្រោយពីទទួលពាក្យបណ្តឹងជនរងគ្រោះខាងលើរួចរាល់ហើយសមត្ថកិច្ចជំនាញកំពុងតែស្រាវជ្រាវវែកមុខនិងស្វែងរកចាប់ខ្លួនជនសង្ស័យទាំង២នាក់យកមកផ្តន្ទាទោសតាមផ្លូវច្បាប់នៅពេលក្រោយ៕

មតិយោបល់