ព័ត៌មានជាតិ

ជិះម៉ូតូលឿនពេកជ្រុលទៅបុក រថយន្តស៊េរីទំនើប ស្លាកលេខភ្នំពេញ 2N-7262 បត់ឆ្លងផ្លូវលាន់ដូចរន្ទះ!

ភ្នំពេញ: បុរស៣នាក់ ស្រវឹងធ្លាក់ភ្នែកជិះម៉ូតូទៅបុករថយន្តមួយគ្រឿងទៀតដែលបត់ឆ្លងផ្លូវចំពេញទំហឹងបណ្តាលឲ្យបុរសម្នាក់រងរបួសស្រាល។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១០និង៤០នាទីយប់ ថ្ងៃទី១២ ខែកុម្ភ: ឆ្នាំ២០១៨ ត្រង់ចំណុចតាមបណ្តោយផ្លូវ១០០៣កែងនិងផ្លូវ១៩៨២ ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញបុរសម្នាក់ បើករថយន្តមួយគ្រឿងម៉ាក មីតសុយមីតសី ត្រាយតុន ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2N-7262 ដោយធ្វើដំណើរតាមបណ្តោយផ្លូវ១០០៣ ក្នុងទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុក៏បានបត់ឆ្វេងឆ្លងផ្លូវទៅផ្លូវ១៩៨២ ខណ:ពេលនោះស្រាប់តែមានម៉ូតូមួយគ្រឿងម៉ាក ហុងដាឌ្រីម សេរី០១៤ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1CC-1086 បើកបរដោយបុរស៣នាក់ក្នុងស្ថានភាពស្រវឹង និងក្នុងទិសដៅបញ្ច្រាសទិសគ្នា រួចក៏ជ្រុលទៅបុករថយន្តចំពេញទំហឹងបណ្តាលឲ្យរថយន្តរងការខូចខាតក្រពឹតកាងនិងបែកចង្ក្រៀងខាងមុខចំហៀងខាងស្តាំ។ ចំណែកឯម៉ូតូរងការខូចខាតផ្នែកខាងមុខទាំងស្រុង រីឯអ្នកបើកបរម្នាក់រងរបួសបែកក្បាលនិង២នាក់ទៀតរងរបួសស្រាល។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុ និងបានឲ្យភាគីទាំងសងខាងនិយាយចរចារដោះស្រាយគ្នា ហើយភាគីខាងរថយន្តក៏បានទាមទារសំណងចំនួន១០០ដុល្លារពីភាគីខាងម៉ូតូ តែដោយភាគីខាងម៉ូតូពុំមានលិទ្ធភាពសង មានលុយ៣ម៉ឺនរៀលនៅក្នុងខ្លួន ម្យ៉ាងភាគីខាងរថយន្តមិនចង់មានរឿងវែងឆ្ងាយក៏ព្រមទទួលយកសំណងពីភាគីខាងម៉ូតូចំនួន៣ម៉ឺនរៀល ដើម្បីបញ្ចប់រឿងនឹងកន្លែងកើតហេតុតែម្តង៕

មតិយោបល់