ភ្នំពេញៈ ហេតុការណ៍ភ្ញាក់ផ្អើលមួយបន្ទាប់ពីស្ត្រីជាថៅកែលក់ម្នាងសិលាម្នាក់ បានរត់មកប៉ុស្តិ៍នគរបាលចោមចៅ៣សួរកអ្នកជិះម៉ូតូសណ្តោងរ៉ឺម៉ករបស់គាត់ ខណៈចតទុកនៅខាងមុខផ្ទះសម្រាប់ដឹកថ្មម្នាងសិលា ស្រាប់តែមានជនមិនស្គាល់មុខមកជិះហើយយកមកទុកនៅប៉ុស្តិ៍ហើយគេចខ្លួនបាត់។
ករណីនេះបានកើតឡើងកាលពីវេលាម៉ោង១០និង១០នាទីព្រឹក ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៨ នៅចំណុចមុខធូ ធូ ម្នាងសិលា ដែលស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៤ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
តាមសម្តីរបស់ម្ចាស់ហាងបានឲ្យដឹងថា មុនពេលកើតហេតុ កូនចៅរបស់គាត់បានបើកម៉ូតូសណ្តោងរ៉ឺម៉កចតទុកនៅមុខហាងសម្រាប់ទុកដឹកម្នាងសិលាយកទៅដាក់ឲ្យម៉ូយ បន្ទាប់មកស្រាប់តែមានជនសង្ស័យម្នាក់មិនដឹងដើរមកពីណាក៏ឡើងជិះគេចខ្លួន ភ្លាមនោះរូបគាត់ក៏បានស្រែកថាចោរៗនិងរត់តាមក្រោយ។
តាមសាក្សីដដែលបានបន្តថា ពេលនោះដោយសារតែគាត់តាមមិនទាន់ទើបរត់មកប្តឹងសមត្ថកិច្ចឲ្យជួយអន្តរាគន៍ ខណៈមកដល់ប៉ុស្តិ៍ស្រាប់តែឃើញម៉ូតូសណ្តោងរ៉ឺម៉កនៅក្នុងបរិវេណសាលាសង្កាត់ចោមចៅ៣ តែជនសង្ស័យបានគេចខ្លួនបាត់។
ក្រោយមកសមត្ថកិច្ចបានប្រគល់ឲ្យម្ចាស់យកទៅវិញដោយមិនមានការប្តឹងផ្តល់នោះទេ ដោយសង្ស័យថាជនសង្ស័យជាមនុស្សបែកថ្នាំ៕
https://youtu.be/2K02ENzi6K8





មតិយោបល់