ប៉ៃលិនៈ រថយន្តកែច្នៃដឹកទឹកកកក្រុមហ៊ុន៣៣៣ បើកបុកជាមួយម៉ូតូឌ្រីម បណ្តាលឲ្យរងរបួសធ្ងន់ម្នាក់ ស្រាលម្នាក់ កាលពីវេលាម៉ោង៨ និង៣០នាទីព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ ២០១៦ លើកំណាត់ផ្លូវ ជាតិលេខ៥៧ចំណុច បេនឡានថ្មីក្រុងប៉ៃលិន ស្ថិតក្នុងភូមិអូរតាពុកក្រោម សង្កាត់ទូលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន។
ប្រភពឲ្យដឹងថា ជនរងគ្រោះទី១.ឈ្មោះ ឆែម ស្រីសៅ ភេទស្រី អាយុ២៣ឆ្នាំ ជាអ្នកបើកបរម៉ូតូ រងរបួសស្រាល, ទី.២ឈ្មោះ ឆែម ស្រីណា ភេទស្រី អាយុ១៩ឆ្នាំ ជាអ្នករួមដំណើរ រងរបួសធ្ងន់ មុខរបរជាងអ៊ុតសក់ មានទីលំនៅភូមិអូរតាវ៉ៅ សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន ជាបងប្អូននឹងគ្នា។ ចំណែកអ្នកបើកបររថយន្តបង្ក ឈ្មោះ ពៅ ឬញ៉ាញ ជាបើកបររថយន្តកែច្នៃ ក្រុមហ៊ុនទឹកកក៣៣៣ នៅសង្កាត់ទូលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន។
សាក្សីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញស្ត្រី២នាក់ ជិះម៉ូតូមួយគ្រឿង ម៉ាក់ឌ្រីម ០១២ ពាក់ស្លាក់លេខប៉ៃលិន 1A-8389 ក្នុងទិសដៅពីជើងទៅត្បូង ដោយឆ្លងផ្លូវ បំបែកជាបួន លុះដល់ពាក់កណ្តាលផ្លូវ ស្រាប់មានរថយន្តដឹកទឹកកក្រុមហ៊ុន៣៣៣ គ្មានស្លាកលេខ ពណ៌ស បើកបរដោយបុរសម្នាក់មកពីមុខ ក្នុងទិសដៅពីត្បូងទៅជើង រួចបត់ទៅលិច ក៏បុកជាមួយម៉ូតូយ៉ាងពេញទំហឹង បណ្តាលឲ្យអ្នកជិះ ម៉ូតូដួលទៅលើថ្នល់ជាតិ សន្លប់ម្នាក់ និងរបួសស្រាលម្នាក់។
ក្រោយពេលកើតហេតុជនរងគ្រោះទាំងពីរ ត្រូវបានក្រុមគ្រួសារដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិនភ្លាមៗ ដោយរថយន្តបង្កត្រូវម្ចាស់ក្រុមហ៊ុនចេញមុខដោះស្រាយផងដែរ៕
មតិយោបល់