ព័ត៌មានជាតិ

ស្រវឹងធ្វើឯងខ្លាំង លុះបុកគេម៉ាំង លុតជង្គង់សុំទោស!

ភ្នំពេញ: បុរសពីនាក់ស្រវឹងស្រាជោកជាំ បើករឺុម៉កម៉ូតូកង់បីបត់ឆ្លងផ្លូវជ្រុលចង្កូតទៅបុករថយន្តចតស្ងៀមពីក្រោយមុខខារ៉ាអូខេ(ឌឺមូន)ខ្ទេចផ្នែកខាងក្រោយយ៉ាងដំណំ រួចចុះមកលុតជង្គង់សូមមេត្តាលើកលែង តែមិនបានសម្រេច។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១០និង៥០នាទីយប់ថ្ងៃទី១៣ ខែកុម្ភ: ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវលេខ២៦៥ មុខខារ៉ាអូខេ(ឌឺមូន) ក្នុងសង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីម្ចាស់រឺុម៉កម៉ូតូកង់បីបានប្រាប់ឲ្យដឹងថា មុនកើតហេតុរូបគាត់និងមិត្តភក្តិម្នាក់ទៀតបានបើករឺុម៉កម៉ូតូកង់បីមួយគ្រឿងគ្មានស្លាកលេខទើបនឹងចេញពីផឹកសុីជាលក្ខណ:គ្រួរសានៅម្តុំផ្សារហេងលី បើកតាមផ្លូវលេខ២៦៥ស្ទួន ទិសដៅពីលិចទៅកើត លុះបើកមដល់ចំណុចកើតខាងលើបានបត់ស្តាំដៃមកផ្លូវ២៦៥ ក៏ជ្រុលចង្កូតទៅបុករថយន្តមួយគ្រឿងម៉ាកហាយឡែនឌ័រ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AN-6053 ចតស្ងៀមនៅលើដងផ្លូវទិសដៅពីជើងទៅត្បូងមុខខារ៉ាអូខេ(ឌឺមូន) ដែលម្ចាស់ចូលទៅផឹកសុី ចំពីក្រោយពេញទំហឹងបណ្តាលរថយន្តបែកខាងក្រោយនិងស្តុបខាងឆ្វេងខូចខាតយ៉ាងដំណំតែមិនបង្កឲ្យមានអ្នកណារងរបួស។

ភ្លាមៗនោះម្ចាស់រឺុម៉កម៉ូតូកង់បីចុះមកលុតជង្គង់សូមក្តីមេត្តាដល់រូបគាត់ផង ព្រោះគាត់គ្មានលុយសងសំណងទៅម្ចាស់រថយន្តនោះទេ តែមិនបានសម្រេចទើបខាងម្ចាស់រថយន្តបានទំនាក់ទំងហៅសមត្ថកិច្ចឲ្យមកកន្លែងកើតហេតុ។

ក្រោយកើតហេតុសមត្ថកិច្ចជំនាញបានធ្វើការវាស់វែងយករថយន្តនិងរឺុម៉កម៉ូតូកង់បីទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌទួលគោករង់ចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕

មតិយោបល់