ព័ត៌មានអន្តរជាតិ

គ្រាប់បែកឆ្នៃចំនួន ៤៩គ្រាប់ត្រូវបានដោះចេញ ដោយកងទ័ពអាហ្វហ្គានីស្ថាន ក្នុងខេត្តភាគខាងត្បូងប្រទេស

អាហ្វហ្គានីស្ថានៈ សេចក្តីថ្លែងការណ៍មួយរបស់យោធា នៅថ្ងៃពុធនេះ បាននិយាយថា កងទ័ពជាតិអាហ្វហ្គានបានរកឃើញ និងដោះគ្រាប់បែកឆ្នៃចំនួន ៤៩គា្រប់ នៅខេត្តពីរភាគខាងត្បូងប្រទេស។ នេះបើយោងតាមរយៈ សារព័ត៌មានចិនស៊ិនហួរ ចេញផ្សាយនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៦។

ក្រុមវិស្វកម្មនៃកងទ័ពជាតិអាហ្វហ្គានីស្ថាន 205 Attal Corps ក្នុងអំឡុងពេលប្រតិបត្តិការយោធា បានរកឃើញ និងដោះមីនចំនួន ៤៩គ្រាប់ នៅក្នុងស្រុក Shahjoy ភាគខាងត្បូងខេត្ត Zabul និងស្រុក Dihrawud ក្នុងខេត្ត Uruzgan អស់រយៈពេល ២៤ម៉ោង។

ខណៈដែលការវាយឆ្មក់ខាងលើ ភេរវជនម្នាក់ ឈ្មោះ Mir Kalam ត្រូវបានចាប់ឃុំខ្លួនផងដែរ។

ក្រុមសកម្មប្រយុទ្ធតាលីបង់ បានប្រើប្រាស់ឧបករណ៍គ្រាប់រំសេវផ្ទុះ ដើម្បីកំណត់គោលដៅកងកម្លាំងសន្តិសុខ ប៉ុន្តែអាវុធទាំងនោះ បានបណ្ដាលឲ្យស្លាប់ និងរងរបួសដល់ជនស៊ីវិលផងដែរ នេះបើយោងតាមមន្រ្តីយោធា បានប្រាប់ឲ្យដឹង។

កាលពីឆ្នាំ ២០១៥ ជនស៊ីវិលជាង ៣.៥៤០ នាក់ត្រូវបានសម្លាប់ និង ៧.៤៥០ នាក់ទៀតរងរបួស ក្នុងអំពើហិង្សារាលដាលនៅកន្លែងផ្សេងៗគ្នា នៃប្រទេស នេះបើយោងតាមរបាយការណ៍ដែលចេញផ្សាយ ដោយបេសកម្មអង្គការ សហប្រជាជាតិ នៅអាហ្វហ្គានីស្ថាន៕

មតិយោបល់