ភ្នំពេញៈ កាលពីវេលាម៉ោង៤ទាបភ្លឺ ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៨ បុរសម្នាក់ស្រវឹង បើករថយន្តមួយគ្រឿងទៅប៉ះជាមួយនិងម៉ូតូ១គ្រឿងត្រង់ចំណុចតាមបណ្តោយ១៥៤កែងនិងផ្លូវព្រះនរោត្ដម ស្ថិតសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ ហើយរថយន្តបានព្យាយាមបើករត់គេចខ្លួនទាំងភ័យស្លន់ស្លោរ រហូតទៅដល់ចំណុចផ្លូវ១៧២ កែងនិងផ្លូវព្រះនរោត្តម ក៏ជ្រុលទៅបុករថយន្តមួយគ្រឿងទៀត រួចក៏ជ្រុលទៅបុកចូលឃ្លាំងលក់រថយន្តបណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសម្នាក់ស្រវឹងបើកបររថយន្តបង្កមួយគ្រឿងម៉ាក ឡិចស៉ីស RX330 ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2AC-8292 ដោយធ្វើដំណើរតាមបណ្តោយផ្លូវ១៥៤ ក្នុងទិសដៅពីកើតទៅលិច។ លុះមកដល់ចំណុចកើតហេតុក៏ទៅប៉ះម៉ូតូមួយគ្រឿងទៀតមិនចាំម៉ាក ដែលបើកតាមបណ្តោយផ្លូវព្រះនរោត្តម ក្នុងទិសដៅពីត្បូងទៅជើង បណ្តាលឲ្យរងការខូចខាតបន្តិចបន្តួច។ ហើយភ្លាមនោះរថយន្តបង្កបានព្យាយាមបើករត់គេចខ្លួនទាំងភ័យស្លន់ស្លោរ ហើយក៏ត្រូវបានម៉ូតូរងគ្រោះរួមទាំងអ្នកធ្វើដំណើរតាមផ្លូវដែលឃើញហេតុ៤ទៅ៥ម៉ូតូទៀតជិះដេញតាមពីក្រោយ។ ហើយរថយន្តបង្កក៏បានបើករត់គេចខ្លួនតាមបណ្តោយផ្លូវ១៧២ ទិសដៅពីកើតទៅលិចក្នុងល្បឿនលឿនដូចហោះទាំងសភាពភ័យស្លន់ស្លោ លុះទៅដល់ចំណុចកែងនិងផ្លូវព្រះនរោត្តមក៏ជ្រុលទៅបុករថយន្តមួយគ្រឿងទៀតម៉ាក RAV4 ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AK-3158 ដែលបើកបរដោយបុរសម្នាក់ តាមបណ្តោយផ្លូវព្រះនរោត្តម ក្នុងទិសដៅពីត្បូងទៅជើង ចំហៀងខាងឆ្វេងពេញទំហឹងបណ្តាលឲ្យរថយន្តRAV4 ជ្រុលទៅបុកចូលឃ្លាំងលក់រថយន្តយីហោ៨៩ បណ្តាលឲ្យបាក់ទ្វារអស់មួយផ្ទាំង ទំហំប្រមាណ១០ម៉ែត្រគុណនិង៧ម៉ែត្រ និងបុកចំរថយន្តដាក់លក់មួយគ្រឿងទៀតម៉ាក អ៊ាល់ហ្វា ពណ៌ស អត់មានស្លាកលេខ ដែលនៅក្នុងឃ្លាំងរងការខូចខាតធ្លាក់កាងខាងមុខ ចំណែកឯរថយន្តRAV4 រងការខូចខាតដាច់ក្រឡេនិងកំពឹតផ្នែកខាងមុខចំហៀងខាងឆ្វេងយ៉ាងដំណំ។ រីឯអ្នកបើកបឬងរបួសស្រាល ចំណែកឯរថយន្តបង្ករងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ ដោយឡែកម៉ូតូរងគ្រោះដែលជិះដេញតាមរថយន្តបង្កបានជិះគេចខ្លួនបាត់។
បន្ទាប់មកអ្នកបើកបររថយន្តបង្កបានចុះមកចាប់គ្រៀកយុវជន២នាក់ដែលឈរមើលហេតុការណ៍ហើយវាយទៅលើយុវជនទាំង២នាក់នោះដោយចោទថាយុវជនទាំង២នាក់នោះរួមទាំងបក្សពួក៤-៥ម៉ូតូទៀតដេញវាយរូបគេ។
បើតាមសម្តីពីម្ចាស់រថយន្តបង្កបានឲ្យដឹងថានៅ មុនពេលកើតហេតុគាត់ បានបើកបររថយន្តខាងលើចេញមកពីញ៉ាំអីនៅហាងសៀវម៉ៃរាត្រី លុះពេលបើករថយន្តមកដល់ចំណុចផ្លូវ១៥៤កែងនិងផ្លូវព្រះនរោត្តម គាត់ក៏បានអកហ្សើរជាមួយនិងក្មេងស្ទាវមួយក្រុមជិះម៉ូតូ៤ទៅ៥គ្រឿង ហើយគាត់ក៏បានបន្តដំណើរទៅមុខបន្តទៀត ហើយស្រាប់តែក្រុមក្មេងស្ទាវទាំងនោះជិះម៉ូតូនាំគ្នាដេញវាយរថយន្តរបស់គាត់ហើយដោយគាត់ភ័យពេកក៏បានបើករថយន្តជ្រុលទៅបុករថយន្តមួយគ្រឿងទៀតតែម្តងទៅ។
បើតាមសម្តីយុវជនទាំង២នាក់ខាងលើបានឆ្លើយបដិសេធថា ពួកមិនមែនជាអ្នកដេញវាយរថយន្តបង្កនោះទេ គឺពួកគាត់គ្រាន់ឃើញហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើហើយពួកគេក៏បានឈប់ម៉ូតូមើលជាធម្មតា ស្រាប់តែអ្នកបើកបររថយន្តបង្កចុះពីលើរថយន្តហើយរត់មកចាប់ពួកគេវាយដោយចោទថាពួកគេថាជាអ្នកដេញវាយរថយន្តរបស់ខ្លួនទៅវិញ។
ក្រោយពេលកើតហេតុអ្នកបើកបររថយន្តបង្ករួមទាំងយុវជនទាំង២នាក់ខាងលើត្រូវបានសមត្ថកិច្ចមូលដ្ឋាននាំខ្លួនយកទៅសួរនាំនៅប៉ុស្តិ៍នគរបាលរដ្ឋបាលជ័យជំនះដើម្បីធ្វើការដោះស្រាយគ្នា។ ដោយឡែករថយន្តបង្កនិងរថយន្តរងគ្រោះត្រូវបានសមត្ថកិច្ចជំនាញធ្វើការវាស់វែងយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីរងចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ ៕
https://youtu.be/oY27ab7bAwc
មតិយោបល់