ព័ត៌មានជាតិ

អាណិតណាស់! ក្មេងស្រីអាយុ១០ឆ្នាំ ត្រូវឪពុកមាវាយធ្វើបាបស្ទើរតែរាល់ថ្ងៃ…

ភ្នំពេញៈ ក្មេងស្រីម្នាក់ត្រូវបានឪពុកមាសុំយកមកចិញ្ចឹម បែរជាយកមកប្រើអំពើហិង្សាស្ទើរតែរាល់ថ្ងៃ ដោយគ្រាន់តែខឹងក្មួយស្រីអង្គុយលេងហ្គេមក្នុងទូរសព្ទ រួចបានយកខ្សែភ្លើងបត់ជាបួនវាយរហូតមានកន្ទួលពេញខ្លួន។
ហេតុការណ៍ខាងលើនេះបានបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៤និង៣០នាទីល្ងាច ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៧ នៅចំណុចនៅផ្ទះលក់ដូរមួយ ភូមិទួលពង្រ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

កុមារីរងគ្រោះមានឈ្មោះ ល ស អាយុ១០ឆ្នាំ ឈប់រៀន ស្នាក់នៅជាមួយឪពុកមា នៅភូមិទួលពង្រ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតនៅស្រុកមេមុតខេត្តកំពង់ចាម មានឪពុកឈ្មោះ ថន អាយុ៥៧ឆ្នាំ មុខធ្វើចំការ និងម្តាយឈ្មោះ អុច រស់នៅជាមួយគ្នា ។ ជនបង្កដែលជាឪពុកចិញ្ចឹម ឈ្មោះ នួន ចិន្តា ហៅប៉ាអាម៉ាប់ អាយុ៥៤ឆ្នាំ មុខរបរលក់ដូរនៅផ្សារទួលពង្រ ភូមិទួលពង្រ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ ។
តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅជុំវិញកន្លែងកើតហេតុ បានរៀបរាប់ប្រាប់សមត្ថកិច្ច និងប្រជាការពារភូមិថា ពួកគាត់បានឃើញឈ្មោះ នួន ចិន្តា ហៅប៉ាអាម៉ាប់ វាយទៅលើក្មេងស្រី ត្រូវជាក្មួយ ដែលបានមកចិញ្ចឹម យ៉ាងធ្ងន់ធ្ងរ ដោយយកខ្សែភ្លើងបត់ជាបួន មកវាយបណ្តាលឲ្យកន្ទួលក្រហមពេញខ្លួន។

ប្រភពដដែលបានបន្តទៀតថា ពួកគាត់តែងតែធ្លាប់បានឃើញជនបង្កដែលត្រូវជាឪពុកចិញ្ចឹមខាងលើ វាយក្មេងស្រីខាងលើជាញឹកញាប់សឹងតែរាល់ថ្ងៃដោយពេលខ្លះវាយនឹងអំបោះ ឬរំពាត់ ហើយនៅពេលខ្លះវាយនឹងស្បែកជើងក៏មាន ប៉ះអីវាយនឹង ហើយមានស្លាកស្នាមជាប់នឹងខ្លួនជាច្រើនកន្លែងទៀតផង មិនតែប៉ុណ្ណោះ មិនបានឲ្យកុមារីរងគ្រោះបានទៅរៀនសូត្រដូចកូនគេទេ ទើបពួកគាត់ទ្រាំមិនបានក៏ទៅប្តឹងសមត្ថកិច្ចតែម្តង។
បើតាមការសាកសួរទៅលើកុមារីខាងលើ ដោយឆ្លើយទាំងរដាក់រដុប និងភ័យខ្លាច ពុំហ៊ាននិយាយសព្វគ្រប់ឡើយ ហើយម្យ៉ាងទៀតប្រជាពលរដ្ឋដែលឃើញហេតុការណ៍ខាងលើបានប្រាប់ថា ក្មេងស្រីនៅក្មេងពេក ពុំយល់ហេតុផល ទើបពួកគាត់បាននាំទៅដាក់ពាក់បណ្តឹងជំនួសកុមារីរងគ្រោះខាងលើតែម្ដង ។
បើតាមសម្ដីឪពុកមាកុមារីរងគ្រោះខាងលើ បាននិយាយប្រាប់ថា នាងគឺជាកូនបងស្រីបង្កើតរបស់គាត់ ហើយគាត់យកមកចិញ្ចឹមតាំងពីតូចអាយុ៣ឆ្នាំមកម្ល៉េះ ដោយបានឲ្យរៀននៅសាលាឯកជននៅភូមិកើតហេតុដែរ តែរៀនបានតិចតួចក៏បានឲ្យឈប់ ហើយឲ្យជួយលក់ដូរជាមួយគាត់ ។

គាត់បានបន្តទៀតថា គាត់មានកូន២នាក់សុទ្ធតែប្រុស កូនបងអាយុ២២ឆ្នាំ និងកូនប្អូន១២ឆ្នាំ ទាំង២នាក់ខាងលើសុទ្ធតែទៅរៀនបាត់ ហើយរស់នៅជាមួយម្តាយលក់កាហ្វេផងដែរ ចំណែករូបគាត់រស់នៅជាមួយក្មួយស្រីខាងលើ លក់ចាប់ហួយនៅភូមិកើតហេតុខាងលើ ។ នៅមុនពេលកើតហេតុ គឺគាត់បានប្រើឲ្យទៅងូតទឹក ហើយបាត់ឈឹងយូរពេកមិនឃើញមកជួយលក់ដូរគាត់បានទៅរកឃើញក្មួយស្រីកំពុងលេងហ្គេមទូរសព្ទ ខឹងខ្លាំងពេក ទើបគាត់វាយមួយខ្សែភ្លើងដែលបត់ជាបួន ហើយដោយគាត់មិនដឹងថាមានរបួសយ៉ាងណានោះទេ ។

ក្រោយពេលកើតហេតុ ប្រជាពលរដ្ឋបានដាក់ពាក់បណ្តឹងជំនួសជនរងគ្រោះឲ្យសមត្ថកិច្ចចាត់ការតាមផ្លូវច្បាប់ ហើយកុមារីរងគ្រោះខាងលើត្រូវបានប្រជាពលរដ្ឋយកទៅមន្ទីរពេទ្យ ហើយយកទៅសម្រាកនៅស្ថានីយវិទ្យុ នឹងរង់ចាំប្រគល់ឲ្យឪពុកម្តាយបង្កើតរបស់កុមារីរងគ្រោះខាងលើ នឹងយកទៅបីបាច់ថែរក្សាខ្លួនឯងវិញ៕

មតិយោបល់