ព័ត៌មានជាតិ

បុរស២នាក់ជិះម៉ូតូដេញចោរឆក់ទូរសព្ទលឿនពេក ជ្រុលទៅបុករថយន្ត របួសធ្ងន់

ភ្នំពេញ: បុរស២នាក់ ជិះម៉ូតូដេញតាមចោរឆក់ទូរសព្ទដៃពីក្រោយក្នុងល្បឿនលឿន រួចក៏ជ្រុលទៅបុករថយន្តមួយគ្រឿង បណ្តាលឲ្យរងរបួសធ្ងន់ស្រាល។

ហេតុការណ៍កើតឡើងនៅវេលាម៉ោង៨និង២០នាទីយប់ ថ្ងៃទី១៥ ខែកុម្ភ: ឆ្នាំ២០១៨ ត្រង់ចំណុចតាមបណ្តោយផ្លូវ១៤៦ កែងនិងផ្លូវ១៥៣ ក្បែរនិងផ្សារគីឡូលេខ៤ ស្ថិតក្នុងសង្កាត់បឹកកក់ទី២ ខណ្ឌទួលគោក។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញបុរស២នាក់ជិះម៉ូតូម៉ាក ហុងដាឌ្រីម ស៊េរីឆ្នាំ២០១១ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1AV-6909 ស្រែកចោរៗជិះដេញតាមចោរឆក់ទូរសព្ទដៃ ដែលជិះម៉ូតូមិនចាំម៉ាក បើកតាមបណ្តោយផ្លូវ១៤៦ ក្នុងទិសដៅពីកើតទៅលិច និងក្នុងល្បឿនយ៉ាងលឿន ខណ:ដែលម៉ូតូរងគ្រោះជិះដេញទៅដល់ចំណុចកើតហេតុដែលជាផ្លូវបំបែកជាបួន ក៏ជ្រុលទៅបុករថយន្តមួយគ្រឿងទៀតម៉ាក ហាយឡែនឌ័រ មិនចាំស្លាកលេខ ដែលបើកបរតាមបណ្តោយផ្លូវ២៥៣ ក្នុងទិសដៅពីជើងទៅត្បូង បណ្តាលឲ្យរងរបួសបែកក្បាលធ្ងន់ធ្ងរ។ ហើយត្រូវបានរថយន្តសង្គ្រោះដឹកបញ្ជូនទៅសង្គ្រោះនៅគ្លីនិកសម្ភពពន្លឺ ចំណែកចោរឆក់ទូរសព្ទដៃដែលជនរងគ្រោះជិះម៉ូតូដេញតាមបានជិះរត់គេចខ្លួនបាត់ស្រមោល។

ក្រោយពេលកើតហេតុម៉ូតូខាងលើ ត្រូវបានសមត្ថកិច្ចមូលដ្ឋានបានចុះដល់កន្លែងកើតហេតុនិងបានយកម៉ូតូរបស់ជនរងគ្រោះទៅរក្សាទុកនៅប៉ុស្តិ៍គនររដ្ឋបាលទឹកល្អក់ទី២ ដើម្បីរង់ចាំសាច់ញាតិរបស់ជនរងគ្រោះមកយកត្រលប់ទៅផ្ទះវិញនៅពេលក្រោយ៕

មតិយោបល់