ព័ត៌មានជាតិ

ផ្ទុះហិង្សាកាប់ទៅលើបុរសម្នាក់បែកក្បាលនិងដាច់កដៃ ត្រូវសមត្ថកិច្ចចាប់ខ្លួន

ស្ទឹងតែ្រង: ហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើង បន្ទាប់ពីបុរសម្នាក់ បានផ្ទុះហិង្សា កាប់ទៅលើបុរសម្នាក់ បណ្តាលឲ្យបែកក្បាលនិងដាច់កដៃរបួសធ្ងន់ សន្លប់ក្នុងថ្លុកឈាម ហើយព្យាយាមគេចខ្លួនតែត្រូវសមត្ថកិច្ចឃាត់ខ្លួនបាន។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១និង២៦នាទី យប់ឈានចូលថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៧ ស្ថិតនៅចំណុចភូមិញ៉ាងស៊ុម ឃុំថ្មកែវ ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង។

លោកអធិការស្រុក សៀមប៉ាង បានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ សុខ កិះ ភេទប្រុស អាយុ២៩ឆ្នាំ ស្នាក់នៅភូមិពងគ្រឿល ឃុំព្រែកមាស ត្រូវជនសង្ស័យឈ្មោះ សុវណ្ណ លុង ភេទប្រុស អាយុ៣៨ឆ្នាំ រស់នៅភូមិញ៉ាងស៊ុម ឃុំថ្មកែវ ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង បានយកកាំបិតបុង័តោ កាប់ទៅលើជនរងគ្រោះ ចំ២កន្លែងបណ្ដាលឲ្យជនរងគ្រោះដួលសន្លប់នៅនឹងកន្លែងកើតហេតុ ចំពោះជនរងគ្រោះ ត្រូវបងប្អូនយកមកមណ្ឌលសុខភាព ស្រុកសៀមប៉ាង។

ចំណែកជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន នាំមកធ្វើការសាកសួរ និងបញ្ជូនខ្លួនទៅកាន់តុលាការ ចាត់ការតាមផ្លូវច្បាប់៕

មតិយោបល់