ព័ត៌មានជាតិ

ឃាត់ខ្លួនជនសង្ស័យម្នាក់ ក្រោយពីលួចទូរសព្ទគេក្នុងរថយន្ត!

ភ្នំពេញ: យោងតាមផេក ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា នៅថ្ងៃពុធ ១៤រោច ខែមាឃ ឆ្នាំរកា នព្វស័ក ពទ្ធសករាជ២៥៦១ ត្រូវថ្ងៃទី១៤ខែកុម្ភ: ឆ្នាំ២០១៨ វេលាម៉ោង១០និង៤០នាទី នៅចំណុចមុខផ្ទះលេខ៣៨៦ មហាវិថីម៉ៅសេទុង ក្រុម៣០ ភូមិ១១ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ មានករណីលួចយកទូរសព្ទដៃ១គ្រឿង ម៉ាកSamsung ស៊េរីj៥។

ជនរងគ្រោះឈ្មោះ គួយ ប៊ុនលិន ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរ រត់តាក់ស៊ីចល័ត មានទីលំនៅផ្ទះលេខ២៣ ផ្លូវ២២៨ ក្រុម១ ភូមិសែនសុខ១ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
បង្កដោយជនសង្ស័យចំនួន២នាក់ ឈ្មោះច័ន្ទរតន ភេទប្រុស អាយុ១៥ឆ្នាំមុខរបរមិនពិតប្រាកដ ទីលំនៅដើរដេកគ្រប់ទីកន្លែងតាមសំយ៉ាបផ្ទះគេ និងឈ្មោះ អាធូ ភេទប្រុស អាយុប្រហែល២៩ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅម្តុំសង្កាត់ច្បារអំពៅទី១ ខណ្ឌច្បារអំពៅ។

នៅមុនពេលកើតហេតុ ជនសង្ស័យ២នាក់បានដើរចេញពីម្តុំចំណតរថយន្តក្រុងរិទ្ធ មុន្នី សង្កាត់បឹងសាឡាង គោលបំណងបបួលគ្នាដើរលួចនៅម្តុំផ្សារដើមគ លុះពេលដើរមកតាមចិញ្ចើមផ្លូវឃើញរថយន្ត១គ្រឿងបានចតនៅលើចិញ្ចើមផ្លូវក៏ដើរមកជិត ហើយជនសង្ស័យឈ្មោះអា ធូ បានឲ្យជនសង្ស័យឈ្មោះ ច័ន្ទ រតន ចាំមើលផ្លូវ ហើយពេលនោះ អាធូ បានលូកដៃយកទូរសព្ទ១គ្រឿងម៉ាកsamsungស៊េរីj.៥ពីក្នុងរថយន្តជនរងគ្រោះរត់គេចខ្លួនចូលទៅច្រកផ្លូវផ្សារដើមគបាត់។

ចំណែកជនសង្ស័យម្នាក់ទៀតរត់មិនទាន់ ត្រូវបានជនរងគ្រោះម្ចាស់ទូរសព្ទចាប់បានបញ្ជូនមកសមត្ថកិច្ចនគរបាលប៉ុស្តិ៍បឹងសាឡាង ដើម្បីចាត់ការតាមនីតិវិធីផ្លូវច្បាប់៕

មតិយោបល់