គិតមកត្រឹមឆ្នាំ២០១៧ តាមរយៈក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កម្ពុជាបានទទួលស្វាគមន៍ និងចុះបញ្ជីគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់របស់ជប៉ុន ចំនួន ១៣០គម្រោង ក្នុងទុនវិនិយោគសរុបប្រមាណ ១.៦ពាន់លានដុល្លារអាមេរិក ក្នុងវិស័យមួយចំនួន រួមមាន ធនាគារ ឧស្សាហកម្ម កសិ-ឧស្សាហកម្ម សេវាកម្ម និងហេដ្ឋារចនាសម្ព័ន្ធ។ល។
ក្នុងឆ្នាំ២០១៧ កន្លងទៅនេះ មានគម្រោងវិនិយោគជប៉ុនចំនួន ៩ ក្នុងទុនវិនិយោគសរុបប្រមាណ ៦៣លានដុល្លារអាមេរិក ក្នុងនោះ មានគម្រោងវិនិយោគចំនួន ៨ បានបោះទីតាំងក្នុងតំបន់សេដ្ឋកិច្ចពិសេស ដែលមានទុនវិនិយោគប្រមាណ ៥៩លានដុល្លារអាមេរិក។
បន្ថែមលើគម្រោងវិនិយោគដែលមានបច្ចុប្បន្ន កម្ពុជារំពឹងថា នៅក្នុងឆ្នាំ២០១៨នេះ គម្រោងវិនិយោគជប៉ុននឹងកើនឡើងបន្ថែមទៀត ទន្ទឹមនឹងការបើកឱ្យដំណើរការនូវផ្សារទំនើបអ៊ីអន សាខាទី២។
កាលពីពេលថ្មីៗនេះ ឯកឧត្តម សុខ ចិន្តាសោភា អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ព្រមទាំងឯកឧត្តម ហ៊ីដេហ៊ីសា ហូរីណូឈិ (Hidehisa HORINOUCHI) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសជប៉ុនប្រចាំកម្ពុជា បានធ្វើកិច្ចប្រជុំមួយពិភាក្សាផ្តោតលើបញ្ហា និងស្វែងយល់អំពីកិច្ចការមួយចំនួន ទាក់ទងទៅនឹងបរិយាកាសវិនិយោគ និងកិច្ចសម្រួលពាណិជ្ជកម្មនៅកម្ពុជា ហើយឯកឧត្តម ក៏បានលើកទឹកចិត្តឱ្យអ្នកវិនិយោគជប៉ុនលើកឡើងពីក្ដីកង្វល់ និងសំណូមពរនានាពាក់ព័ន្ធនឹងកិច្ចការវិនិយោគ ដែលអាចផ្តល់លទ្ធភាពឱ្យភាគីកម្ពុជាដោះស្រាយបញ្ហាទាំងនោះចំគោលដៅ មានប្រសិទ្ធភាព និងទាន់ពេលវេលាជូនអ្នកវិនិយោគ។
ជាមួយគ្នានេះ ឯកឧត្តមបានវាយតម្លៃខ្ពស់ចំពោះសកម្មភាពវិនិយោគរបស់អ្នកវិនិយោគជប៉ុនក្នុងវិស័យឧស្សាហកម្មកម្មន្តសាលមិនមែនវាយនភណ្ឌ ដូចជា ការផ្គុំដំឡើងសម្ភារៈបរិក្ខារអេឡិចត្រូនិកនិងអគ្គិសនី ការផលិតគ្រឿងបន្លាស់រថយន្ត និងការផ្គុំដំឡើងមធ្យោបាយដឹកជញ្ជូនជាដើម ដែលបាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមចំណែកគាំទ្រដល់ការពង្រឹងរចនាសម្ព័ន្ធឧស្សាហកម្ម, ការធ្វើពិពិធកម្មមូលដ្ឋានសេដ្ឋកិច្ចកម្ពុជា, ការអភិវឌ្ឍធនធានមនុស្ស, និងជាពិសេសការចូលរួមអនុវត្តឱ្យសម្រេចបានតាមគោលដៅនៃគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា ឆ្នាំ២០១៥-២០២៥៕
មតិយោបល់