ព័ត៌មានជាតិ

ក្រុមចោរជំនាញលូកហោប៉ៅ និងបន្លំគ្រឿងអលង្ការក្លែងក្លាយ យកគ្រឿងអលង្ការពិត អស់លក្ខណ៍ជាប់ខ្នោះ..

​បន្ទាយមានជ័យៈ យោងពាក្យបណ្តឹងរបស់ជនរងគ្រោះឈ្មោះ រិទ្ធ សំណាង ភេទស្រី អាយុ ៣៧ឆ្នាំ មានទីលំនៅភូមិបាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ពីបទលួច ប្រព្រឹត្តនៅវេលាម៉ោង១០យប់ នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៨ នៅចំណុចបរិវេណកាស៊ីណូស្តាប៉ារ៉ាម៉ិច ស្ថិតនៅភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។

លោកវេសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានអោយដឹងថា ៖ ក្រោយទទួលបានពាក្យបណ្តឹង នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៨ លោកបានចាត់តាំងកម្លាំងចុះធ្វើការស្រាវជ្រាវរកមុខសញ្ញា និងបានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ឆាន់ សាញ់ ភេទស្រី អាយុ២៣ឆ្នាំ មានទីលំនៅភូមិត្រាចជ្រុំ ឃុំសំព្រោច ស្រុកស្ទោង ខេត្តកំពង់ធំ បច្ចុប្បន្នស្នាក់នៅបណ្តោះអាសន្នក្នុងផ្ទះជួលមួយកន្លែង ស្ថិតនៅភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ។

លោកវេសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានបញ្ជាក់បន្ថែមថា ៖ ក្រោយធ្វើការឃាត់ខ្លួន និងសួរនាំពីអង្គហេតុ ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានប្រព្រឹត្តអំពើលូកហោប៉ៅ និងបន្លំយកគ្រឿងអលង្ការក្លែងក្លាយដើម្បីបោកបញ្ឆោទ ទៅប្តូរយកគ្រឿងអលង្ការពិតពីជនរងគ្រោះ ដោយសកម្មភាពទាំងនេះ គឺបានប្រព្រឹត្តជាច្រើនលើកមកហើយ តាំងពីនៅខេត្តកំពង់ធំ មកម្លេះ ដោយការធ្វើសកម្មភាពទាំងនេះ គឺមានបក្សពួកជាច្រើននាក់ ពេលចេញធ្វើសកម្មភាពម្តងៗ ។ ដោយយោងលើចម្លើយសារភាពរបស់ជនសង្ស័យ នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៨ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានបន្តចុះធ្វើការស្រាវជ្រាវ និងបានធ្វើការឃាត់ខ្លួនបក្សពួកជនសង្ស័យបន្តទៀតបានចំនួន៨នាក់ មានឈ្មោះដូចខាងក្រោម ៖ ១-ឈ្មោះ មិត្ត រី ហៅ(រី) ភេទ ស្រី អាយុ ៤៤ឆ្នាំ ២-ឈ្មោះ ឡេង ឡឺយ ភេទ ស្រី អាយុ៣៦ឆ្នាំ ៣-ឈ្មោះ ណង ស្រីនិច ហៅ(កំប្រោង) ភេទ ស្រី អាយុ១៩ឆ្នាំ ៤-ឈ្មោះ មិត្ត ស្រអែម ភេទស្រី អាយុ ២៥ឆ្នាំ ៥-ឈ្មោះ មិត្ត យ៉ាឡៃ ភេទ ប្រុស អាយុ ២៦ឆ្នាំ ៦-ឈ្មោះ ជឿន ហន់ ភេទ ស្រី អាយុ ៤៩ឆ្នាំ ៧-ឈ្មោះ តៃ រ័ត្ន ភេទ ស្រី អាយុ ១៧ឆ្នាំ ៨-ឈ្មោះ ណៃ ពៀង ភេទ ស្រី អាយុ២៨ឆ្នាំ ជនសង្ស័យទាំងអស់ខាងលើមានទីលំនៅរួមគ្នានៅភូមិត្រាចជ្រុំ ឃុំសំពោច ស្រុកស្ទោង ខេត្តកំពង់ធំ ។

លោកវេសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានបញ្ជាក់បន្ថែមថា ៖ ក្រោយធ្វើការសាកសួរ និងស្តាប់ចម្លើយសារភាពរបស់ជនសង្ស័យទាំង៩នាក់ ខាងលើ លោកបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យទាំង៩នាក់ ទៅទីបញ្ជការកងរាជអាវុធហត្ថខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី ។

លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារយុត្តិធម៌ បានអោយដឹងថា ៖ ដោយផ្អែកលើអង្គហេតុ និងចម្លើយសារភាពរបស់ជនសង្ស័យទាំង ៩នាក់ បញ្ជាក់អោយឃើញថា ជនសង្ស័យខាងលើ គឺពិតជាបានធ្វើសកម្មភាពលូកហោប៉ៅ និងបន្លំយកគ្រឿងអលង្ការក្លែងក្លាយដើម្បីបោកបញ្ឆោទ ទៅប្តូរយកគ្រឿងអលង្ការពិតពីជនរងគ្រោះ តាំងពីខេត្តកំពង់ធំ ហើយបន្តមកធ្វើសកម្មភាពនៅក្រុងប៉ោយប៉ែត បន្ថែមទៀត ។

លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារយុត្តិធម៌ បានបញ្ជាក់បន្ថែមថា ៖ ក្រោយទទួលបានចម្លើយសារភាពរបស់ជនសង្ស័យទាំង ៩នាក់ ខាងលើ កម្លាំងជំនាញ បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យទៅតុលាការ ដើម្បីចាត់ការទៅតាមនីតិវិធី៕

មតិយោបល់