ភ្នំពេញៈ បុរសម្នាក់បានស្លាប់បាត់បង់ជីវិតយ៉ាងអាណោចអាធ័ម បន្ទាប់ពីត្រូវរថយន្តក្រុង២៥កៅអី បុកម៉ូតូពេញទំហឹង ក្នុងទិសដៅបញ្ចា្រសទិសដៅគ្នា។
ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង៣និង១០នាទីទៀបភ្លឺថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៨ ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ៤ ត្រង់ចំណុចអគ្គបញ្ជាការជើងគោកក្នុងសង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ជនរងគ្រោះមានឈ្មោះ សួង បួន ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរជាងភ្លើង ស្នាក់នៅតំបន់សេដ្ឋកិច្ចពិសេសកំបូល មានស្រុកកំណើតស្រុកត្រាំកក់ ខេត្តតាកែវ។
យោងតាមប្រភពពីកន្លែងកើតបានឲ្យដឹងថាមុនពេលកើតហេតុគេឃើញរថយន្តក្រុង ពណ៌សលាយក្រហម ពាក់ស្លាកលេខ ភ្នំពេញ 3E-1474 បើកពីលិចទៅកើតដោយដឹកភ្ញៀវជាច្រើននាក់ក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុខាងលើ បានជ្រុលចង្កូតទៅបុកម៉ូតូឌ្រីមសង់០១៧ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1GE5543 បើកដោយបុរសម្នាក់ពីកើតទៅលិច បញ្ច្រាសទិសដៅគ្នា ល្បឿនដូចគ្នាពេញទំហឹងបណ្ដាលបោកនឹងថ្នល់បែកក្បាលស្លាប់មួយរំពេច ក្រោយពីដឹងថាបុកមនុស្សស្លាប់ហើយនោះម្ចាស់រថយន្តក្រុងបានបើកទ្វារថយន្តគេចបាត់ស្រមោល ដោយបន្សល់ទុករថយន្តនៅកន្លែងកើតហេតុនិងភ្ញៀវដែលជិះក្នុងរថយន្តជាច្រើននាក់។
ក្រោយកើតហេតុគេឃើញសមត្ថកិច្ចមូលដ្ឋានបានមកដល់កន្លែងកើតហេតុបានទាក់ទងជំនាញមកវាស់វែងយករថយន្តបង្កនិងម៉ូតូរងគ្រោះខាងលើទៅការិយាល័យចរាចរណ៍ផ្លូវគោករង់ចាំឲ្យម្ចាស់រថយន្តចូលខ្លួនមកដោះស្រាយតាមផ្លូវច្បាប់។ ចំណែកសាកសពសមត្ថកិច្ចប្រគល់ឲ្យក្រុមគ្រួសារយកទៅស្រុកកំណើតធ្វើបុណ្យតាមប្រពៃណី៕
https://youtu.be/Xkm3SsRANJ4
មតិយោបល់