ភ្នំពេញៈ នៅយប់ថ្ងៃអាទិត្យ ទី១៩ មិថុនាខាងមុខនេះ បេក្ខនារី និងបេក្ខជន២រូបត្រូវបានគេលើកឡើងថា នឹងមានវាសនាបានក្លាយជាម្ចាស់ពាន The Voice Cambodia រដូវកាលទី២ក្នុងសន្ទស្សន៍ភាគច្រើនជាងគេ នោះគឺ ដោយសារតែសមត្ថភាពត្រូវបានគេកត់សម្គាល់ ព្រមជាមួយនឹងប្រជាប្រិយភាពរបស់អ្នកទាំងពីរត្រូវគេមើលឃើញខ្លាំងដូចគ្នា។
មកទល់ពេលនេះ មានការលើកឡើងយ៉ាងផុសផុលនៅលើហ្វេសប៊ុកដើម្បីជជែកវែងញែកថា បេក្ខជន បេក្ខនារីរូបណា នឹងក្លាយជាសមាជិករបស់ពិភពលោកទី២បន្ទាប់ពីលោកប៊ុត សីហា នៅក្នុងកម្មវិធី The Voice។ ក្នុងចំណោមបេក្ខជនបេក្ខនារី៤រូបដែលត្រូវប្រឈមមុខគ្នានៅយប់ថ្ងៃអាទិត្យនេះ បេក្ខភាព៣រូបត្រូវគេលើកមកនិយាយជាងគេនោះគេ បេក្ខនារី ឈីន រតនៈ បេក្ខជនថែល ថៃ និងបេក្ខនារី សាន ស្រីឡៃ។ យ៉ាងណាក៏ដោយបើសំដៅលើទឹកដមសំលេង និងបច្ចេកទេសច្រៀង បេក្ខនារីសាន ស្រីឡៃ មិនត្រូវបានគេយកមកគិតនោះទេ ដោយសារតែនាងបានឈានមកដល់វគ្កផ្ដាច់ព្រ័ត្រព្រោះតែការអាណិតពាក់ព័ន្ធនឹងផ្ទាល់ខ្លួនច្រើនជាង។
ម្នាក់ៗបានបង្ហាញការជឿជាក់ភាគច្រើនថា ឈីន រតនៈ និងថែល ថៃ នឹងមានម្នាក់ឡើងអង្គុយកៅអីម្ចាស់ពានThe Voice បើធៀបនឹងបេក្ខភាព២រូបផ្សេងទៀត។ ហេតុផលដែលនាំឲ្យការយល់ឃើញបែបនោះ គឺដោយសារតែកម្រិតសំឡេងរបស់អ្នកទាំងពីរល្អដាច់ឆ្ងាយពីបេក្ខនារី សាន ស្រីឡៃ និងបេក្ខជាន ឃី សុឃុន ដែលបានឈានមកដល់វគ្គផ្ដាច់ព្រ័ត្រនៅថ្ងៃអាទិត្យនោះដែរ។ ម្យ៉ាងមកពីថែល ថៃ និង ឈីន រតនៈ អាចស្រែកបានល្អទាំងប្រភេទបទរ៉ុក បទស្លូ និងបទមនោសញ្ចេតបានពីរោះមិនចាញ់គ្នានោះផង ទើបក្នុងរវាងអ្នកទាំងពីរគឺជាប់អ្នកណាក៏ត្រូវបានមហាជនយល់ថាសមស្រប។
យ៉ាងណាមិញ ការប្រកួតជាក់ស្ដែងមិនអាចកំណត់ក្រោមការវាយតម្លៃដោយមាត់ទទេបានទេ ដោយសារតែនបេក្ខជនឃី សុឃុន និងសាន ស្រីឡៃ ក៏ត្រៀមបញ្ចេញឲ្យអស់ពីលទ្ធភាពដើម្បីប្រជែងយកកៅអីជើងឯកផងដែរ។ ក្រុមអ្នកយល់ផ្ទុយពីខាងលើបានលើកឧទាហរណ៍ថាការប្រកួតCambodian Idol បានបង្ហាញគំរូរួចហើយថាបេក្ខជន ម៉ៅ ហាជី ដែលអ្នកណាក៏ជឿថានឹងកាន់ពានត្រូវបានបេក្ខជននី រតនា យកបានទៅវិញ ដោយសារតែថ្ងៃផ្ដាច់ព្រ័ត្រគឺនី រតនា ច្រៀងបានល្អជាងសម្រាប់បទដែលគេជ្រើសយកមកប្រកួត។
យោងតាមការព្យាករណ៍ ឈីន រតនៈ ហាក់មានភាគរយកាន់ពានច្រើនជាងថែល ថៃ នោះទៅទៀត ដោយសារតែនាងក្រៅពីមានសម្រស់ស្រស់ស្អាតក៏មានសំឡេងល្អ។ ក្រុមអ្នកបង្ហាញការជឿជាក់យល់ថា កម្មវិធី The Voice វគ្គ១ និងកម្មវិធី Cambodian got talen និងកម្មវិធី Cambodian Idol មុននេះ ហង្សមាសសុទ្ធតែជ្រើសបានអ្នកចម្រៀងជាបេក្ខជនជាអ្នកកាន់ពាន ដូច្នេះបើទោះជានបេក្ខជនថែល ថៃ មានពិន្ទុប្រហាក់ប្រហែល ឬនាំមុខឈិន រតនៈ ក៏ទំនងជាឈីន រតនៈ នឹងមានអាទិភាពជាងគេនោះដែរ។ នេះបើយើងតាមការយល់ឃើញដែលត្រូវគេឃើញផុសឡើងព្រោងព្រាតនៅលើហ្វេសប៊ុកពីសំណាក់អ្នកតាមដានការប្រកួត។ ព្រឹត្តិការណ៍វគ្គផ្ដាច់ព្រ័ត្រនៅថ្ងៃអាទិត្យនេះ ត្រូវគេកត់សម្គាល់ថានឹងមានអ្នកទស្សនារង់ចាំតាមដានភាគច្រើនដើម្បីឲ្យប្រាកដចិត្តក្នុងចំណោមអ្នកទាំង៤ អ្នកណាកាន់ពានThe Voice Cambodia វគ្គ២៕













មតិយោបល់