ព័ត៌មានជាតិ

អាសូរ! កម្មករសំណង់ម្នាក់ស្រវឹង ចុះដាក់មងយកត្រីធ្វើម្ហូប លង់ទឹកស្លាប់ចោលប្រពន្ធនិងកូនតូច

ភ្នំពេញៈ បុរសជាកម្មករសំណង់ម្នាក់ បានស្លាប់បាត់ជីវិតចោលប្រពន្ធ និង កូនតូចម្នាក់យ៉ាងអាណោចអាធ័ម ក្រោយពីរូបគាត់ផឹក ស្រានិងមានសភាពស្រវឹងស្រាស្រឿងៗ ហើយបានយកមងទៅដាក់យកត្រីធ្វើម្ហូបក្នុងប្រឡាយមួយក៏ស្រាប់តែប្រកាច់ និង លិចទៅក្នុងទឹកតែម្តង។

ហេតុការណ៍នេះដែរបានបង្កការភ្ញាក់ផ្អើលកើតឡើងកាលពីវេលាម៉ោង ៤ និង ៤៥នាទីល្ងាច ថ្ងៃទី ១៨ ខែ កុម្ភៈឆ្នាំ ២០១៨ នៅចំណុចក្នុងការដ្ឋានសំណង់ លឹម ឈាងហាក់ ផ្លូវជាតិលេខ ១ ដែលស្ថិតនៅក្នុងភូមិវាលស្បូវ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានប្រាប់ឱ្យដឹងថា បុរសរងគ្រោះមានឈ្មោះ សូ សាវឿន អាយុ៤០ឆ្នាំ មុខរបរកម្មករ សំណង់ បច្ចុប្បន្នស្នាក់នៅក្នុងការដ្ឋានសំណង់របស់បុរី លឹម ឈាងហាក់ ខាងលើ មានប្រពន្ធ និង កូនស្រីតូចម្នាក់នៅក្នុង បន្ទុកផងដែរ។មុនពេលកើតហេតុ បុរសរងគ្រោះបានផឹកស្រាជាមួយ និងក្រុមកម្មករសំណង់ដូចគ្នាមួយក្រុម លុះដល់ពេលឈប់ផឹក និង មានសភាពស្រវឹងស្រាស្រឿងៗនោះ ទំនងជាអត់មានអ្វីធ្វើម្ហូបហូបបាយនោះ រូបគាត់ក៏បានយកមងចុះទៅដាក់នៅក្នុងប្រឡាយមួយដែលនៅក្បែរនោះ ក៏ស្រាប់តែប្រកាច់ និង លង់ទឹកស្លាប់នៅក្នុងទឹក តែម្តង។

តាមប្រភពដដែលបានប្រាប់បន្តទៀតថា ភ្លាមនោះដោយបានឃើញដូច្នេះស្ត្រីជាប្រពន្ធក៏បានស្រែកឆោឡោឡើង ធ្វើអោយមានការភ្ញាក់ផ្អើលទៅដល់ក្រុមកម្មករសំណង់ដែលនៅក្បែរខាងនោះ នាំគ្នាចុះទៅរាវរកឃើញ និង ស្រង់បុរស រងគ្រោះយកមកដាក់លើគោកដើម្បីធ្វើចលនាជួយសង្គ្រោះដែរ តែជាអកុសលរូបគាត់បាន ដាច់ខ្យល់ស្លាប់ ចោលប្រពន្ធ និង កូនស្រីតូចម្នាក់បាត់ទៅហើយ និងបានរាយការណ៍ទៅប្រាប់ កម្លាំងមានសមត្ថកិច្ចមូលដ្ឋាឲ្យដឹងពីរឿងនេះផងដែរ។

ក្រោយពេលកើតហេតុ កម្លាំងមានសមត្ថកិច្ចមូលដ្ឋាន និង ជំនាញបានចុះមកដល់ធ្វើកោសល្យវិច័យទៅលើសាកសពរបស់ បុរសរងគ្រោះបានបញ្ជាក់ប្រាប់ថា រូបគាត់ពិតជាបានស្លាប់បាត់បង់ជីវិតដោយសារតែលង់ទឹកពិតប្រាកដមែន និង ប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យទៅតាមប្រពៃណី៕

មតិយោបល់