ព័ត៌មានជាតិ

ក្រុម​តា​លី​បង់​បាន​អំពាវនាវ​ឲ្យ​មេដឹកនាំ​សាសនា​របស់​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​ជំរុញ​ឲ្យ​មានការ​រួបរួម​គ្នា

(Reuters)​ -​ ក្រុម​តា​លី​បង់​បាន​អំពាវនាវ​ឲ្យ​មេដឹកនាំ​សាសនា​របស់​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​ជំរុញ​ឲ្យ​មានការ​រួបរួម​គ្នា​ នៅ​ពេល​ដែល​ពួក​គេ​ប្រារព្ធ​ពិធី​ថ្វាយបង្គំ​ថ្ងៃ​សុក្រ​ ជា​លើក​ដំបូង​របស់​ពួក​គេ​បន្ទាប់​ពី​ក្រុម​អ៊ិ​ស្លា​ម​និយម​នេះ​ដណ្តើម​ប្រទេស​បាន​ ខណៈ​ការ​តវ៉ា​ប្រឆាំង​នឹង​ការ​កាន់កាប់​បាន​រាលដាល​ដល់ទី​ក្រុង​ជា​ច្រើន​រួម​ទាំង​រដ្ឋធានី​ Kabul​ កាលពី​ថ្ងៃ​ព្រហស្បតិ៍​។​

​សាក្សី​ម្នាក់​បាន​និយាយ​ថា​ មនុស្ស​ជា​ច្រើន​បាន​ស្លាប់​នៅ​ពេល​ដែល​ក្រុម​សកម្មប្រយុទ្ធ​តា​លី​បង់​បាន​បាញ់​ទៅ​លើ​ក្រុម​មនុស្ស​នៅ​ទីក្រុង​ Asadabad​ ភាគ​ខាងកើត​។​ សាក្សី​ម្នាក់​ទៀត​បាន​រាយការណ៍​ថា​មាន​ ការ​បាញ់កាំភ្លើង​នៅ​ជិត​កន្លែង​ធ្វើ​បាតុកម្ម​មួយ​ក្នុង​ទីក្រុង​ Kabul​ ប៉ុន្តែ​ការ​បាញ់​នោះ​ហាក់ដូចជា​ក្រុម​តា​លី​បង់​កំពុង​បាញ់​ទៅ​លើ​អាកាស​។​

​នៅ​ថ្ងៃ​ដែល​អា​ហ្វ​ហ្គា​នី​ស្ថាន​រំលឹក​ទិវា​ឯករាជ្យ​ជាតិ​របស់​ខ្លួន​ចេញពី​ក្រោម​ការ​ត្រួតត្រា​របស់​ចក្រភព​អង់គ្លេស​កាលពី​ឆ្នាំ​ ១៩១៩​ មាន​វី​ដេ​អូ​មួយ​បាន​ផ្សព្វផ្សាយ​តាម​បណ្តាញ​សង្គម​ ដោយ​បាន​បង្ហាញ​ក្រុម​ប្រជាជន​មាន​ប្រុស​ ស្រី​នៅ​ទីក្រុង​ Kabul​ គ្រវីទង់ជាតិ​ព​ណ៍​ខ្មៅ​ ក្រហម​ និង​បៃតង​។​ ដោយ​ពួក​គេ​បាន​ស្រែ​កថា​ “​ទង់ជាតិ​របស់​យើង​ អត្តសញ្ញាណ​របស់​យើង​”​ ។​

​រីឯ​ការ​តវ៉ា​ខ្លះ​នៅ​កន្លែង​ផ្សេង​ទៀត​ ប្រព័ន្ធ​ផ្សព្វផ្សាយ​បាន​រាយការណ៍​ថា​ ប្រជាជន​បាន​បំផ្លាញ​ទង់​ព​ណ៍​ស​របស់​ក្រុម​តា​លី​បង់​។​
​ប៉ុន្តែ​មិន​អាច​សុំ​ការ​អត្ថាធិប្បាយ​ពី​អ្នកនាំពាក្យ​ក្រុម​តា​លី​បង់​បាន​ភ្លាមៗ​ទេ​។​

​ការ​ធ្វើ​បាតុកម្ម​ខ្លះ​មាន​លក្ខណៈ​តូចតាច​ ប៉ុន្តែ​រួម​បញ្ចូល​គ្នា​ជាមួយ​ប្រជាជន​រាប់​ពាន់​នាក់​ដែល​កំពុង​ព្យាយាម​ចាកចេញ​ពី​ប្រទេស​ពួក​គេ​ នេះ​បាន​គូសបញ្ជាក់​ពី​បញ្ហា​ប្រឈម​ដែល​ក្រុម​តា​លី​បង់​កំពុង​គ្រប់គ្រង​ប្រទេស​។​

​មន្ត្រី​អង្គការ​ណា​តូ​ និង​តា​លី​បង់​បាន​និយាយ​ថា​ ទីក្រុង​ Kabul​ មាន​ភាព​ស្ងប់ស្ងាត់​ប៉ុន្តែ​ប្រជាជន​ ១២​ នាក់​ត្រូវ​បាន​សម្លាប់​នៅ​ក្នុង​ និង​ជុំវិញ​ព្រ​លាន​យន្តហោះ​។​

​យោធា​អា​មេ​រិ​កបាន​និយាយ​ថា​ ទាហាន​សហរដ្ឋអាមេរិក​ប្រមាណ​ជាង​ ៥.២០០​ នាក់​ កំពុង​ការពារ​អាកាសយានដ្ឋាន​ទីក្រុង​ Kabul​ ខណៈ​ដែល​ច្រក​ទ្វារ​ជា​ច្រើន​ត្រូវ​បាន​បើក​ និង​យន្តហោះ​ចម្បាំង​អា​មេ​រិ​ក​កំពុង​ហោះហើរ​ជុំវិញ​ទីក្រុង​ដើម្បី​ធានា​សន្តិសុខ​សម្រាប់​ប្រតិបត្តិការ​ជម្លៀស​អ្នកការទូត​ និង​ប្រជាជន​ស៊ី​វិល​រួម​ទាំង​ពលរដ្ឋ​អា​ហ្វ​ហ្គា​នី​ស្ថាន​មួយ​ចំនួន​ ៕

មតិយោបល់