កណ្តាលៈ បុរសម្នាក់បានស្លាប់ នៅនឹងកន្លែងកើតហេតុ ខណៈដែលជួបគ្រោះថ្នាក់ចរាចរណ៍ បើកម៉ូតូបត់ឆ្វេងមិនប្រយត្ន័ ត្រូវរថយន្តបើកលឿនបុកយ៉ាងពេញទំហឹង។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅ ថ្ងៃអង្គារ០៦កើត ខែផល្គុន ព.ស២៥៦១ គ.ស ២០១៨ ត្រូវនឹងថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៨ វេលាម៉ោង៤ល្ងាច លើផ្លូវជាតិលេខ៦ចន្លោះគីឡូមែត្រលេខ៣០-៣១ ចំណុចភូមិព្រែកយាយហ៊ិន១ ឃុំឬស្សីជ្រោយ ស្រុកមុខកំពូល ខេត្តកណ្តាល។
សាក្សីបានប្រាប់ឲ្យដឹងថា ដោយម៉ូតូមួយគ្រឿងម៉ាកសេ១០០កូរ៉េ ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1AL- 2861បើកបរដោយ ឈ្មោះផាត សុផារិត ភេទប្រុស អាយុ៣៥ឆ្នាំ ធ្វើដំណើរពីជើង ទៅត្បូងលុះមកដល់ចំណុចកើតហេតុ បានបត់ឆ្វេងទៅទិសខាងកើត បណ្ដាលឲ្យរថយន្ត មួយ គ្រឿង ម៉ាក Mazeses ពណ៌ទឹកមាស ពាក់ស្លាកលេខ 2Q-4046 (អ្នកបើកបរ រត់គេចបាត់) ដែលធ្វើដំណើរពីជើងទៅត្បូង ហើយបានមកបុកម៉ូតូដែលបត់ឆ្វេងខាងលើ បណ្ដាលឲ្យស្លាប់អ្នកបើកបរម៉ូតូនៅកន្លែងកើតហេតុតែម្តង។
ក្រោយកើតហេតុ សមត្ថកិច្ចបានធ្វើការវាស់វែង និងយក រថយន្តនិងម៉ូតូ មករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកមុខកំពូល ។ ចំពោះសពជំនាញ បានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់