ព័ត៌មានជាតិ

បុកឡើងខឿនអូសជាច្រើនម៉ែត្រ ខ្ទេចរថយន្តមើលលែងយល់!

ភ្នំពេញៈ បុរសម្នាក់បើករថយន្តកាមរីឆ្លាម ពណ៌ខ្មៅ ក្នុងល្បឿនលឿនពេក វ៉ាក់អឺនឹងខឿន បុកឡើងលើខឿន មិនទាន់អស់ល្បឿនបុកឡើងលើខឿនរង្វង់មូលព្រហ្មមុខបួនទៀត បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ ។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ១១និង៣០នាទីយប់ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ ៦អា ស្ថិតក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។

ម្ចាស់រថយន្តមាន ឈ្មោះ ហួយ ពន្លក អាយុ៣០ឆ្នាំ មុខរបរជាងធ្វើរថយន្ត ស្នាក់នៅពោធិ៍ចិនតុង ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសម្នាក់បើករថយន្តកាមរីមួយគ្រឿង ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2H-6358 បើកបរក្នុងល្បឿនលឿន ស្រាប់តែមានរថយន្តមិនចាំម៉ាកមួយគ្រឿងទៀតវ៉ាស្តាំរថយន្តកាមរីនោះ ធ្វើឲ្យរថយន្តកាមរីនោះអកសឺ បុកឡើងលើខឿនថ្នល់ ហើយបន្តមកបុកឡើងលើខឿនរង្វង់មូលព្រហ្មមុខបួន បណ្តាលឲ្យរងការខូចខាតខឿនថ្នល់ សួនច្បារ និងខឿនរង្វង់មូលព្រហ្មមុខបួនយ៉ាងដំណំ។ រីឯរថយន្តវិញរងការខូចខាតស្ទើរតែទាំងស្រុង តែសំណាងល្អមិនបង្កឲ្យមានអ្នករងរបួស ។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុទាក់ទងទៅសមត្ថកិច្ចជំនាញមកវាស់វែងនិងឲ្យយករថយន្តស្ទូចមកស្ទូចយករថយន្តបង្កយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីរង់ចាំដោះស្រាយទៅតាមនិតិវិធីច្បាប់ ៕

https://youtu.be/w4ZADq7KSws

មតិយោបល់