ព័ត៌មានជាតិ

ឃាត់ខ្លួនថៅកែខារ៉ាអូខេ “រាត្រីកម្សាន្ត” បង្ខាំងក្មេងស្រីអាយុ១៤ឆ្នាំ ឲ្យបម្រើផ្លូវភេទ

កំពង់ធំៈ សមត្ថកិច្ចកងរាជអាវុធហត្ថស្រុកស្ទោងបានឃាត់ខ្លួននារីបម្រើផ្លូវភេទ៤នាក់នៅក្នុងហាងខារ៉ាអូខេ យីហោ “រាត្រីកម្សាន្ត” ស្ថិតក្នុងភូមិត្រាច ឃុំកំពង់ចិនជើង ស្រុកស្ទោង ខេត្តកំពង់ធំ ព្រមទាំងបានឃាត់ខ្លួនថៅកែឈ្មោះ ថា បានស៊ី ភេទប្រុស អាយុ៣៩ឆ្នាំមានប្រពន្ធឈ្មោះ នួន រតនាជាថៅកែស្រី រស់នៅភូមិត្នោត ឃុំកំពង់ចិនជើង ស្រុកស្ទោង ខេត្តកំពង់ធំ។

មន្រ្តីកងរាជអាវុធហត្ថស្រុកស្ទោងឲ្យដឹងថា មុនឈានដល់បង្ក្រាប និងឃាត់ខ្លួនថៅដែខាងលើ យោងតាមពាក្យបណ្តឹងរបស់ម្តាយក្មេងស្រីអាយុ១៤ឆ្នាំម្នាក់ប្ដឹងចោទថៅកែខារ៉ាអូខេបានលួងលោមកូនគាត់បម្រើផ្លូវភេទ កាលពីថ្ងៃទី១៣មិថុនា ឆ្នាំ២០១៦ កន្លងទៅនេះ។

ប្រតិបត្តិការចុះបង្ក្រាបករណីជួញដូរផ្លូវភេទខាងលើនេះដឹកនាំដោយលោក អនុសេនីយ៍ឯក ឃុន ភារៈ មេបញ្ជាការកងរាជអាវុធហត្ថស្រុកស្ទោង រួមទាំងមន្ត្រីក្រោមឱវាទ និងធ្វើឡើងតាមពាក្យបណ្តឹងរបស់ម្តាយក្មេងរងគ្រោះ ឈ្មោះ គង់សុខា ភេទស្រី អាយុ៣៥ឆ្នាំ រស់នៅភូមិប៉ាលហាល សង្កាត់ត្បែងមានជ័យ ក្រុងព្រះវិហារ ខេត្តព្រះវិហារ។ ក្នុងកិច្ចប្រតិបត្តិការនេះសមត្ថកិច្ចកងរាជអាវុធហត្ថស្រុកស្ទោង បានឃាត់ស្ត្រីដែលកំពុងតែបម្រើសេវាកម្មផ្លូវភេទ ក្នុងហាងខារ៉ាអូខេ “រាត្រីកម្សាន្ត” ចំនួន៤នាក់ ហើយបុរសម្នាក់ដែលជាម្ចាស់ហាង ត្រូវសមត្ថកិច្ចដាក់ខ្នោះបញ្ជូនទៅតុលាការ។

អ្នកស្រី គង់ សុខា ម្ដាយក្មេងស្រីរងគ្រោះ បានឲ្យដឹងថា កូនរបស់អ្នកស្រីឈ្មោះ ឡ គ ឡ. អាយុ១៤ឆ្នាំ បានបាត់ពីផ្ទះនៅវេលាម៉ោង៧ព្រឹក ក្នុងអំឡុងថ្ងៃទី៣១ ខែឧសភា ឆ្មាំ២០១៦ ហើយគាត់បានតាមរក តែពុំមានដំណឹងនោះទេ។ កូនរបស់គាត់បានចាកចេញពីផ្ទះអស់រយៈពេល១៥ថ្ងៃមកហើយ ក្រោយមកក៏មានតម្រុយត្រូវបានគេប្រទះឃើញនៅធ្វើការនៅហាងខារ៉ាអូខេ “រាត្រីកម្សាន្ត” ទើបបានគាត់មកសួរ នាំម្ចាស់ហាង។ ប៉ុន្តែត្រូវបានថៅកែហាងព្យាយាមលាក់បាំងមិនព្រមប្រាប់នោះទេ។ ក្រោយមកក៏បែកធ្លាយថា នាងពិតជាកំពុងធ្វើការនៅក្នុងហាងពិតមែន។ អ្នកស្រីបានសុំឲ្យកូនគាត់ទៅវិញ តែម្ចាស់ហាងមិនព្រម ថែមទាំងបង្ខំឲ្យកូនស្រីរបស់គាត់ទទួលការងារបម្រើផ្លូវភេទ ដោយបានដកលុយថ្លៃសេវាពីកូនគាត់ទៀតផង ទើបគាត់សម្រេចប្តឹងមកកងរាជអាវុធហត្ថស្រុកស្ទោង ថែមទាំងទាមទារសងជំងឺចិត្ត៥០០០ដុល្លារ។

ក្មេងស្រីរងគ្រោះបានឲ្យដឹងថា លោក ថា បានស៊ី ម្ចាស់ហាងខារ៉ាអូខេ បានរកភ្ញៀវឲ្យនាងដេកជាមួយភ្ញៀវ៣ទៅ៤ដង ក្នុងរយៈពេលដែលនាងមកធ្វើការក្នុងរយៈពេល១៥ថ្ងៃនេះ ហើយគេងជាមួយភ្ញៀវក្នុងមួយដង៥០ដុល្លារ តែបើក្នុង មួយយប់១០០ដុល្លារ តែត្រូវដកឲ្យថៅកែក្នុងភ្ញៀវម្នាក់១០ដុល្លារ៕

មតិយោបល់