ព័ត៌មានអន្តរជាតិ

រកឃើញករណីថ្មីនៃជំងឺ Zika លើកទី ១៧ ចូលមកប្រទេសគុយបា

គុយបាៈ ក្រសួងសុខាភិបាល បានឲ្យដឹងថា ករណីអ្នកជំងឺឆ្លងមេរោគ Zika លើកទី ១៧ ត្រូវបានរកឃើញលើបុគ្គលិកសុខាភិបាលម្នាក់ របស់ប្រទេស គុយបា ដែលបានវិលត្រឡប់មកពីប្រទេស Venezuela កាលពីថ្ងៃទី ៧ ខែមិថុនា។ នេះបើយោងតាមរយៈ សារព័ត៌មានចិនស៊ិនហួរ ចេញផ្សាយនៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៦។

អ្នកជំងឺវ័យ ៣៥ ឆ្នាំរូបនេះ រស់នៅក្នុងខេត្ត Granma ភាគខាងកើតប្រទេស គុយបា ត្រូវបានឆ្លងមេរោគនេះ ដោយសារមូស អំទ្បុងពេលដែលនាងនៅក្រៅ ប្រទេស នេះបើយោងតាមការឲ្យដឹងពីក្រសួង។

ថ្ងៃបន្ទាប់ពីនាង បានវិលត្រឡប់មកប្រទេសគុយបាវិញ អ្នកជំងឺបានលេចចេញ អាការកន្ទួលលើស្បែក ទ្រូង មុខ និងខ្នង ដែលចាំបាច់ឲ្យនាងត្រូវទៅទទួល ការព្យាបាល។

នាងត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យ ហើយបន្ទាប់ពីលទ្ធផលធ្វើតេស្តឈាម កាលពីថ្ងៃអង្គារ បានបញ្ជាក់ថា នាងពិតជាបានឆ្លងមេរោគនេះមែន។

តាមរបាយការណ៍វេជ្ជសាស្រ្ត បាននិយាយថា មកទល់ពេលនេះ ស្ថានភាពអ្នកជំងឺល្អប្រសើរជាងមុន បន្ទាប់ពីសម្រាកព្យាបាលនៅឯមន្ទីរពេទ្យ។

គួរបញ្ជាក់ដែរថា ការរីករាលដាលយ៉ាងឆាប់រហ័សនៃជំងឺ Zika លើកដំបូង នៅអាមេរិកឡាទីន និងបន្ទាប់មកទៀតក្នុងប្រទេសប្រេស៊ីលកាលពីដើមឆ្នាំ ២០១៥៕

មតិយោបល់