ព័ត៌មានជាតិ

ក្រុមចោរលួច ប្លន់ និងគ្រឿងញៀន ជិត១០នាក់ ត្រូវអាវុធហត្ថរាជធានីភ្នំពេញ ចាប់បញ្ជូនទៅតុលាការ

ភ្នំពេញ: ជនសង្ស័យ០៩នាក់ ពាក់ព័ន្ធនឹងករណីប្លន់, លួច, ទទួលផលចោរកម្ម ជួញដូរ និងប្រើប្រាស់គ្រឿងញៀន នៅរសៀលថ្ងៃទី ១១ ខែមេសា ឆ្នាំ២០១៦ ត្រូវកងរាជអាវុធហត្ថ រាជធានីភ្នំពេញបញ្ជូនទៅតុលាការ ។
ជនសង្ស័យទី១ឈ្មោះ អោក សារៀម ហៅ រ៉ាម ត្រូវបានឃាត់ខ្លួនកាលពីថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៦ តាមដីកាបង្គាប់ឲ្យនាំខ្លួន របស់សាលាដំបូងរាជធានីភ្នំពេញ ក្រោមការចោទប្រកាន់ពីបទ លួចមានស្ថានទម្ងន់ទោសដោយសារការប្រើអំពើហឹង្សា និងកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត។ កន្លងមកជនសង្ស័យ អោក សារៀម ហៅ រ៉ាម នេះ គឺជាចោរប្លន់ម្នាក់ ក្នុងចំណោមបក្សពួកជាច្រើននាក់ទៀត ដែលជាដៃជើងរបស់ មេចោរប្លន់ពីរនាក់ ឈ្មោះ ដាំ ដាម៉ី និង ឈ្មោះ ម៉ាត់ សាលីម ដែលបានស្លាប់ក្នុងព្រឹត្តិការបាញ់តដៃជាមួយ កងរាជអាវុធហត្ថរាជធានីភ្នំពេញ កាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៥។
ជនសង្ស័យទី២ឈ្មោះ ខឿន ឆៃយ៉ា និងទី៣ ឈ្មោះ សៀង ជា គឺជាបក្សពួកក្រុមចោរប្លន់១ក្រុមផ្សេងទៀត ដែលតែងតែធ្វើសកម្មភាពប្លន់យកម៉ូតូតាមរយៈការប្រើដំបង ដុំថ្មដេញវាយនិងគប់ ឲ្យជនរងគ្រោះឲ្យភិតភ័យរត់ចោលម៉ូតូ ត្រូវអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបន្ទាប់ពីបានស្រាវជ្រាវដឹងថា ក្រុមនេះពាក់ព័ន្ធករណីប្លន់កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៦ ដោយដេញវាយនិងគប់ដុំថ្មឲ្យជនរងគ្រោះរត់ចោលម៉ូតូ នៅមុខវិទ្យាល័យ ជា ស៊ីម សាមគ្គី។

 

រីឯជនសង្ស័យ០៦នាក់ទៀតមានឈ្មោះ អ៊ឹង តុង, នៅ ចំរើន, ខេង ចាន់ដេត, សុល ចំរើន, ជាសំណាង, និង តាំង សុខពេជ្រ ត្រូវបានកងរាជអាវុធហត្ថរាជធានីភ្នំពេញឃាត់ខ្លួនកាលពីថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៦ ពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀន នៅចំណុចភូមិកន្ទោកខាងជើង សង្កាត់កន្ទោក និងភូមិប្រ៉ប្រកខាងត្បូង សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ និងនៅភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ដោយដកហូតបានគ្រឿងញៀនជាក់ស្តែង ចំនួន១៩កពា្ចប់ ម៉ូតូ០៧គ្រឿង ស្លាកលេខម៉ូតូចំនួន០៨ ស្លាកលេខរថយន្តចំនួន០២ ព្រមទាំងសម្ភារៈសម្រាប់កាច់កម៉ូតូជាច្រើនទៀត។ តាមចម្លើយសារភាពក្រុមនេះ មិនត្រឹមតែ ជាក្រុមជួញដូរនិងប្រើប្រាស់គ្រឿងញៀនតែមួយមុខទេ ពួកវាថែមទាំងជាក្រុម លួច ប្លន់ និងទទួលទិញផលចោរកម្ម យ៉ាងសកម្មក្នុងរាជធានីភ្នំពេញផងដែរ។ ជាក់ស្តែង ស្លាកលេខម៉ូតូចំនួន០៨, ស្លាកលេខឡានចំនួន០២ និងម៉ូតូចំនួន០៧គ្រឿង គឺសុទ្ធតែជារបស់ដែលពួកវា លួច ប្លន់ និងទិញបន្តពីក្រុម លួចប្លន់បានទាំងអស់។ 
អាវុធហត្ថរាជធានីភ្នំពេញក៏សូមប្រកាសដល់ជនរងគ្រោះដែលបានបាត់ម៉ូតូកាលពីពេលកន្លងមក សូមយកឯកសារមកផ្ទៀងផ្ទាត់ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញដើម្បីយកម៉ូតូត្រឡប់ទៅវិញផងដែរ៕

   
    
    
    
    
 

មតិយោបល់