ភ្នំពេញ៖ អភិបាលរាជធានីភ្នំពេញស្នើឲ្យអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ក្នុងភូមិសាស្រ្តរាជធានី ភ្នំពេញត្រូវរក្សាវត្តមាននៅក្នុងមូលដ្ឋានរបស់ខ្លួននៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីនេះដើម្បីមានលទ្ធភាពធ្វើអន្តរាគមន៍ឆ្លើយតបបញ្ហាមិនប្រក្រតីផ្សេងៗរបស់ប្រជាពលរដ្ឋបានយ៉ាងទាន់ពេលវេលា និងមានប្រសិទ្ធិភាព។
លោកប៉ាសុជាតិវង្សបានជំរុញបែបនេះក្នុងពិធីប្រកាសផ្ទេរតំណែងអភិបាលខណ្ឌសែនសុខកាលពីព្រឹកថ្ងៃទី ១១ ខែមេសា នៅសាលាខណ្ឌសែនសុខ ដោយក្នុងនោះលោកបានជំរុញឲ្យអាជ្ញាធរដែនដីទាំងអស់ដែលមានសមាសភាពចាប់ពីអភិបាលខណ្ឌរហូតចៅសង្កាត់ទាំងអស់ត្រូវមានវត្តមានជាមួយអភិបាលរាជធានីភ្នំពេញដើម្បីបង្កើនទំនួលខុសត្រូវក្នុងការចាត់ចែងជួយអន្តរាគមន៍នៅពេលមានបញ្ហាមិនប្រក្រតីណាមួយកើតឡើង ដូចជាគ្រោះអគ្គីភ័យ បញ្ហាចោរកម្មគាស់ផ្ទះសំបែងប្រជាពលរដ្ឋ និងបញ្ហា អស្តិសុខមួយចំនួន ទៀតក្នុងក្រុងភ្នំពេញ។
បន្ថែមពីនេះលោកបញ្ជាក់ថា កម្លាំងសន្តិសុខនឹងឈរជើងប្រចាំការការពារ២៤ម៉ោងលើ២៤ម៉ោង ដែលមានវេនផ្លាស់ប្តូរគ្នា ពង្រាយនៅតំបន់ទេសចរណ៍សំខាន់ៗនៅសួនច្បារមាត់ទន្លេ មុខព្រះបរ មរាជវាំង តំបន់ស្មុគស្មាញពិសេសក្នុងតំបន់រម្មណីយដ្ឋានវត្តភ្នំ ដែលជាទីតាំងសំខាន់សម្រាប់ ប្រារព្វពិធីបុណ្យ ចូលឆ្នាំថ្មីប្រពៃណីជាតិ។
ជាមួយគ្នានេះវិធានការណ៍ការពារសន្តិសុខដែលចម្រុះដោយកម្លាំងប៉ូលិស និងនគរបាល អម ដោយរថយន្តពន្លត់អគ្គីភ័យ កម្លាំងប្រដាប់អាវុធដើរល្បាត និងកម្លាំងសណ្តាប់ធ្នាប់ចរាចរណ៍ ដើម្បីជួយសម្រួលចរាចរណ៍នៅច្រកចេញចូលសំខាន់ៗក្នុងរាជធានីភ្នំពេញដើម្បី កាត់បន្ថយការ កក់ស្ទះចរាចរណ៍និងធានាបាន សន្តិសុខ សុវត្ថិភាព រក្សាប្រពៃណីទំនៀមទម្លាប់ជាតិ និងបង្ករ បរិយាកាសសប្បាយរីករាយជូនប្រជាពលរដ្ឋនិងភ្ញៀងទេសចរដែលមកចូលរួមបុណ្យចូលឆ្នាំប្រពៃណីជាតិនៅក្នុងរាជធានីភ្នំពេញ។
លោកប៉ា សុជាតិវង្សបានបន្តថា ការទាមទារឲ្យមានការបង្កើនកម្លាំងការពារសន្តិសុខសណ្តាប់ធ្នាប់ នេះ ខណៈដែលសភាពការណ៍សន្តិសុខ អាចមានការស្មុគស្មាញទាក់ទិននិង សកម្មភាពបំផុស បំផុលញុះញុងរបស់គណបក្សនយោបាយ អង្គការសង្គមស៊ីវិលឲ្យមានការ ប្រឆាំងតវាបង្ករអសន្តិ សុខក្នុងរាជធានីភ្នំពេញ។
លោកប៉ិល កុសលដែលត្រូវបានតែងតាំងជាអភិបាលខណ្ឌសែនសុខ បន្ទាប់ពីលោកលី សាវេត ត្រូវបន្តភារកិច្ចជាអភិបាលរងខេត្តកំពតបានធ្វើការប្តេជ្ញាចិត្តថា នឹងរៀបចំកម្លាំងកម្លាំងការពារ ប្រចាំការតាមជំនាញដើម្បីការពារសុខសុវត្ថិភាពនិងទ្រព្យសម្បត្តិប្រជាពលរដ្ឋនៅនឹងមូលដ្ឋាន របស់ខ្លួន។
យោងតាមផែនការការពារសន្តិសុខសុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញក្នុង ឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជារយៈពេល៤ថ្ងៃនេះអាជ្ញាធរបានត្រៀមកម្លាំងចម្រុះសរុប ទាំងអស់ជាង៣ពាន់នាក់៕
ព័ត៌មានជាតិ
មតិយោបល់