ព័ត៌មានជាតិ

បុរសម្នាក់ចេញពីហូបការគេស្រវឹងជិះម៉ូតូបញ្ច្រាស ទៅបុករថយន្តសន្លប់ស្ដូក!

ភ្នំពេញ: បុរសម្នាក់ស្រវឹងស្រា ​ជិះម៉ូតូបញ្រ្ចាសទិស ទៅបុករថយន្តមួយគ្រឿងបណ្តាលឲ្យម៉ូតូអូសប្រហែល៣០ម៉ែត្រ ទើបដួលរងរបួសក្បាល និងដៃធ្ងន់ធ្ងរ បង្កការភ្ញាក់ផ្អើលដល់អ្នកដំណើរឆ្លងកាត់នាំគ្នាចោមរោមមើលយ៉ាងច្រើន ត្រូវបានម៉ូតូកង់បីដឹកទៅមន្ទីរពេទ្យ នៅវេលាម៉ោង១០និង២០នាទីយប់ ថ្ងៃទី២៤ ខែកុម្ភ: ឆ្នាំ២០១៨ នៅចំណុចទល់មុខស្ថានទូតវៀតណាម តាមបណ្តោយផ្លូវព្រះមុនីវង្ស ស្ថិតក្នុងសង្កាត់បឹងត្របែក ខណ្ឌចម្ការមន រាជធានីភ្នំពេញ។

បើតាមសាក្សីដែលឃើញហេតុការណ៍ផ្ទាល់​បានប្រាប់ឲ្យភ្នាក់ងារ​ឲ្យដឹងថា នៅមុនពេលកើតហេតុ​ គេឃើញរថយន្តកាមរីមួយគ្រឿង ពណ៌ទឹកមាស ពាក់ស្លាកលេខ ​ភ្នំពេញ​ 2R-7839 បើកបរដោយនារីម្នាក់ ទិសដៅពីត្បូងទៅជើងតាមបណ្ដោយផ្លូវព្រះមុនីវង្ស លុះមកដល់កន្លែងកើតហេតុខាងលើ ស្រាប់តែមានបុរសម្នាក់ស្រវឹងស្រា​ជិះម៉ូតូមួយគ្រឿង​ ស្លាកលេខ ភ្នំពេញ​ 1FN-7739 បានទៅបុករថយន្តខាងលើ បណ្ដាលឲ្យដាច់កញ្ចក់សម្រាប់មើលឆ្វេង និងបែកកញ្ចក់ទ្វារថយន្តខាងឆ្វេងរាយពេញផ្លូវ និងនារីម្ចាស់រថយន្តខ្ទាតកញ្ចក់ត្រូវរងបួស។ រីឯម៉ូតូអូសប្រហែល ៣០ម៉ែត្រ ទើបដួលរងរបួសក្បាល និងដៃធ្ងន់ធ្ងរ ភ្លាមៗនោះត្រូវបានប្រជាពលរដ្ឋហៅរ៉ឺម៉កកង់បីដឹកទៅទៅមន្ទីរពេទ្យ​ឈ្មោះ​ទំនើបមុខសាលាបឹងត្របែក។

បើតាមសំដីបុរសម្ចាស់ម៉ូតូបានប្រាប់ឲ្យដឹងថា គាត់ត្រឡប់មកពីហូបការគេ ហើយស្រវឹងស្រា ទើបជិះម៉ូតូជួបគ្រោះថ្នាក់បែបនេះ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកកន្លែងកើតហេតុ​រួចទាក់ទងសមត្ថកិច្ចជំនាញផ្នែកចរាចរណ៍ខណ្ឌចម្ការមនចុះធ្វើការវាស់វែង រួចយករថយន្តនិងម៉ូតូទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌចម្ការមន ដើម្បីរង់ចាំធ្វើការដោះស្រាយគ្នាពេលក្រោយទៀត៕

មតិយោបល់