ព័ត៌មានជាតិ

រកឃើញទឹកត្រីដប ស្នៀតពោតកំប៉ុង ទឹកផ្លែឈើកំប៉ុង ទឹកក្រូចដប នំកញ្ចប់ ប្រមាណជា៥៧គីឡូក្រាម ខូចគុណភាព

បាត់ដំបងៈ យោងតាមផេក អគ្គនាយកដ្ឋានកាំកុងត្រូល បានឲ្យដឹងថា នៅថ្ងៃទី២៣​ ខែកុម្ភៈ​ ឆ្នាំ២០១៨ មន្ត្រីសាខាកាំកុងត្រូលខេត្តបាត់ដំបង បានសហការជាមួយសមត្ថកិច្ចមូលដ្ឋាន បានចុះទៅផ្សព្វផ្សាយ អប់រំស្ដីពីសុវត្ថិភាព ម្ហូបអាហារ​ នៅសាលាអនុវិទ្យាល័យ ត្រាង ស្រុកកំរៀង ខេត្តបាត់ដំបង។

ការចុះពិនិត្យនេះ ក៏មានការចូលរួមពី លោកគ្រូ អ្នកគ្រូសិស្សានុសិស្ស អាណាព្យាបាលសិស្ស អ្នកលក់នំចំណីនៅក្នុងសាលា ប្រមាណ ៧៥៥ នាក់ផងដែរ។

បន្ទាប់មកក៏បានចុះទៅត្រួតពិនិត្យទំនិញ ដែលដាក់តាំងលក់នៅផ្សារ ខេ.អ.ឌី ហៅផ្សារ កំរៀង ស្ថិតនៅស្រុកកំរៀង បន្តទៀត ។

លទ្ធផលគឺបានដកហូត ទំនិញខូចគុណភាពចម្រុះ រួមមាន៖ ទឹកត្រីដប ស្នៀតពោតកំប៉ុង ទឹកផ្លែឈើកំប៉ុង ទឹកក្រូចដប នំកញ្ចប់ ប្រមាណជា៥៧គីឡូក្រាម យកមករក្សាទុកនៅសាខាដើម្បីដុតកម្ទេចចោលពេលក្រោយ៕

មតិយោបល់