ព័ត៌មានជាតិ

សមត្ថកិច្ចចាប់ខ្លួនជនសង្ស័យ២នាក់ តាមដីការបង្គាប់តុលាការ

កំពង់ស្ពឺៈ សមត្ថកិច្ចនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ធ្វើការចាប់ខ្លួនជនសង្ស័យ២នាក់ តាមដីកាតុលាការ ពីបទហិង្សាចេតនាដោយស្ថានទម្ងន់ទោស។ ការចាប់ខ្លួននេះ បានធ្វើឡើងនៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៧ ស្ថិតនៅចំណុចភូមិតានៃ ឃុំព្រៃញាតិ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនបានខាងលើទី១ មានឈ្មោះ ប៉ុក ពៅ ភេទប្រុសអាយុ៣៥ឆ្នាំ នៅភូមិសណ្តុល ឃុំជង្រុក ស្រុកគងពិសី និងជនសង្ស័យទី២មានឈ្មោះ ម៉ៅ ពន្លឺ ភេទប្រុស អាយុ១៧ឆ្នាំ នៅភូមិតានៃ ឃុំព្រៃញាតិ ស្រុកគងពិសី។

សមត្ថកិច្ចបានឲ្យដឹងថា ការចាប់ខ្លួនជនសង្ស័យខាងលើនេះ គឺអនុវត្តតាមដីកាបង្គាប់ឲ្យចាប់ខ្លួន លេខ៣៩៤ ដ.ក ចុះថ្ងៃទី៦ខែកុម្ភៈ ២០១៧ របស់លោក កែវ សុធា ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺ ពីបទហិង្សាដោយចេតនា មានស្ថានទម្ងន់ទោស ដែលបានប្រព្រឹត្តឡើងនៅចំណុចភូមិតានៃ ឃុំព្រៃញាតិ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០១៧។

បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបណ្តោះអាសន្ន នៅការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋានខេត្តកំពង់ស្ពឺ ដើម្បីចាត់ការតាមវិធានការច្បាប់ ៕

មតិយោបល់