ព័ត៌មានជាតិ

បង្កើនប្រាក់ចំណូលជូនកសិកររស់នៅតំបន់អភិរក្ស តាមរយៈអភិវឌ្ឍកសិកម្មចម្រុះ

ភ្នំពេញៈ ដើម្បីឆ្លើយតបនឹងកត្តាជីវភាពរបស់ប្រជាកសិករដែលរស់នៅតាមតំបន់អភិរក្ស មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រួមជាមួយអង្គការ UNESCO ប្រចាំកម្ពុជា បានជួបពិភាក្សាគ្នា ដើម្បីស្វែងរកគន្លឹះជាមូលដ្ឋាន ជួយពួកគាត់ឱ្យទទួលបានប្រាក់ចំណូលខ្ពស់ជាងមុនតាមរយៈការអភិវឌ្ឍន៍កសិកម្មចម្រុះ។

ក្រសួងកសិកម្មបានឱ្យដឹងនៅថ្ងៃនេះថា លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់និងនេសាទ បានជួបពិភាក្សាជាមួយលោក Philippe Delanche តំណាងអង្គការ UNESCO ប្រចាំកម្ពុជា នៅទីស្តីការក្រសួងអំពីបញ្ហាខាងលើនេះ។

ប្រភពខាងលើបានឱ្យដឹងទៀតថា ជំនួបជាពិសេសនេះផ្តោតទៅលើការជួយ​វិធីសាស្រ្តដើម្បីបង្កើនប្រាក់ចំណូលរបស់កសិករ​ដែលរស់នៅតំបន់អភិរក្ស ពោលគឺ ការដាំដុះ ដំណាំបន្លែ និងដំណាំរួមផ្សំផ្សេងៗទៀត ការចិញ្ចឹមសត្វ ការដោះស្រាយទឹក ការដាំដុះព្រៃឈើឡើងវិញ ដើម្បីបង្កើតទេសភាពបៃតង និងការការពារភ្លើងឆេះព្រៃ នៅតំបន់អភិរក្សប្រាសាទព្រះវិហារជាដើម។

យ៉ាងណាភាគីទាំងពីរ លើកឡើងទៀតថា កិច្ចការទាំងអស់នេះអាចដំណើរការទៅបាន គឺអាស្រ័យដោយ​មានការចូលរួម​ពីផ្នែកពាក់ព័ន្ធ ទាំងរដ្ឋ ទាំងវិស័យឯកជន និងអង្គការសង្គមស៊ីវិលនៅក្នុងប្រទេសកម្ពុជា ពិសេសប្រជាពលរដ្ឋត្រូវ​មានឆន្ទៈផ្ទាល់ក្នុងការ​ធ្វើកិច្ចការនេះ ដើម្បីកត្តាជីវភាពមានការរីកចំរើន។ គ្រប់ភាគីពាក់ព័ន្ធត្រូវតែផ្តល់នូវការចូលរួមបន្ថែមដូចជា ផ្តល់បទពិសោធន៍ បច្ចេកទេស ធនធានថវិកា ចំណេះដឹងជាក់ស្តែង ទីផ្សារ ការគៀងគរ នឹងការដោះស្រាយនូវបញ្ហាប្រឈមចំពោះមុខរបស់ពួកគាត់ក្នុងតំបន់នោះ៕

មតិយោបល់