ព័ត៌មានជាតិ

ឃាត់ខ្លួនមេខ្លោងលួចរថយន្ត២នាក់ ដកហូតកាំភ្លើងខ្លីមួយដើម និងរថយន្ត២គ្រឿង

ភ្នំពេញ: ក្រុមជនសង្ស័យជាមេខ្លោងដែលធ្វើសកម្មភាពលួចរថយន្តយ៉ាងសកម្ម២នាក់ ត្រូវបានកម្លាំងនគរបាលខណ្ឌមានជ័យ សហការជាមួយនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យ និងកម្លាំងកងអន្តរាគមន៍ពិសេសនៃស្នងការនគរបាលរាជធានីភ្នំពេញ ធ្វើការឃាត់ខ្លួនជាបន្តបន្ទាប់ ដោយដកហូតបានរថយន្ត២គ្រឿង ម៉ូតូមួយគ្រឿង និងកាំភ្លើងខ្លីម៉ាកឡុកមួយដើម។

ប្រតិបត្តិការនេះធ្វើឡើងកាលពីវេលាម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៦ នៅផ្ទះសំណាក់យីហោ ចាក់អង្រែក្រោម ផ្លូវជាតិលេខ២ ភូមិព្រែកតាឡុង សង្កាត់ចាក់ក្រោម ខណ្ឌមានជ័យ។

លោក ហួរ ម៉េងវ៉ាង អធិការរងនគរបាលខណ្ឌមានជ័យបានប្រាប់ឲ្យដឹងថា ជនសង្ស័យទី១-ឈ្មោះ នៅ សុខឡុង ភេទប្រុស អាយុ២១ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅក្នុងភូមិព្រែកតាឡុង សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ (ជាមេខ្លោង និងជាម្ចាស់អាវុធ) ឃាត់ខ្លួនបាននៅក្នុងផ្ទះសំណាក់ខាងលើ។ ទី២-ឈ្មោះ ស៊ុំ វិជ្ជា ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរលក់ទំនិញបោះដុំមួយកន្លែង ដែលមានទីតាំងនៅក្រុងតាខ្មៅ ខេត្តកណ្តាល។

ដោយមានការចង្អុលបង្ហាញពីលោក តេង ស៊ីណូ អធិការនគរបាលរងខណ្ឌមានជ័យនោះ កម្លាំងរបស់លោកបានធ្វើការស្រាវជ្រាវ និងចុះប្រតិបត្តិការរហូតឈានទៅដល់ការឃាត់ខ្លួនជនសង្ស័យ២នាក់ខាងលើជាបន្តបន្ទាប់ ដោយធ្វើការដកហូតបានរថយន្តចំនួន២គ្រឿង គឺម៉ាកកាម៉ារីបាឡែន ពណ៌ស ពាក់ស្លាកលេខភ្នំពេញ២Y-៩៤៣៧ មួយគ្រឿង និងម៉ាក CRV ពណ៌សំបកឪឡឹក ស្លាកលេខភ្នំពេញ២D-៩៤៨៨ មួយគ្រឿង និងម៉ូតូម៉ាកហុងដា C125 ពណ៌ខ្មៅ ស្លាកលេខកណ្តាល១H-៦០២០ មួយគ្រឿង រួមទាំងអាវុធខ្លីម៉ាកឡុក ពណ៌ខ្មៅ មួយដើម មានគ្រាប់ចំនួន១២គ្រាប់។

តាមប្រភពដដែលបានប្រាប់ឲ្យដឹងថា ប្រតិបត្តិការនេះធ្វើឡើងក្រោយពីទទួលបានពាក្យបណ្ដឹងជនរងគ្រោះម្នាក់ឈ្មោះ ឌឿង រិទ្ធី អាយុ៣១ឆ្នាំ ម្នាក់ស្នាក់នៅផ្ទះលេខ៦ ផ្លូវលេខ១២ ភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ បានបាត់រថយន្តរបស់ខ្លួនមួយគ្រឿងម៉ាក CRV កាលពីវេលាម៉ោង២និង៣០រំលងអធ្រាត្រឈានចូលថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៦។ រហូតដល់វេលាម៉ោង៣និង៤៥នាទីល្ងាចថ្ងៃទី១៥ ខែមិថុនា ម្សិលមិញនេះ ក៏បានប្រទះឃើញរថយន្តរបស់ខ្លួននៅក្នុងយានដ្ឋានជួសជុលរថយន្ត ដែលមានយីហោ ហេង ហេង នៅម្តុំលូប្រាំ ហើយក៏រាយការណ៍ប្រាប់កម្លាំងនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យឃាត់ទុក និងឈានទៅដល់ការឃាត់ខ្លួនបានក្រុមចោរលួចរថយន្តទាំង២នាក់ខាងលើតែម្តង។

ក្រោយពីឃាត់ខ្លួន ជនសង្ស័យទាំង២នាក់ រួមទាំងវត្ថុតាង ត្រូវបានកម្លាំងសមត្ថកិច្ចនាំមកធ្វើការសាកសួរ និងបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងចាត់ការបន្ត៕

 

មតិយោបល់