ភ្នំពេញៈ ទីបំផុតទៅ លោក ហម ម៉េងសែ ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៨នេះ បានចេញដីកា បង្គាប់ឱ្យឃុំខ្លួន ថៅកែហាងលក់ទូរសព្ទម្នាក់ ដែលបើករថយន្តបុកប្រជាពលរដ្ឋស្លាប់ និងរបួសជាច្រើននាក់ជាបណ្តោះអាសន្ន នៅពន្ធនាគារព្រៃស។
លោក គង់ សំសារ៉េត ជាតំណាងអយ្យការ បញ្ជាក់តាមទូរសព្ទថា លោកបាន បើកការស៊ើបសួរ និងចោទប្រកាន់លើឈ្មោះ សេង សូយទ្រី ភេទប្រុស អាយុ ៣៦ឆ្នាំ មុខរបរ លក់ទូរសព្ទ ស្នាក់នៅភូមិ៩ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម ខេត្តកំពង់ចាម ពីបទ បើកបរដោយធ្វេសប្រហែសបណ្តាលឱ្យរបួស និងស្លាប់អ្នកដទៃ ប្រព្រឹត្តកាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៨ នៅរាជធានីភ្នំពេញ យោងតាមមាត្រា ៨៣ និងមាត្រា ៨៥ នៃច្បាប់ស្តីពី ចរាចរណ៍ផ្លូវគោក។
គួររំលឹកថា កាលពីព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៨ កន្លងទៅ ជនត្រូវចោទ ឈ្មោះ សេង សូយទ្រី បានបើករថយន្ត ម៉ាក RANGE ROVER ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2T-1314 របស់ខ្លួន បុករះម៉ូតូជាច្រើនគ្រឿង និងរថយន្ត បណ្តាលឲ្យមានមនុស្សម្នាក់ស្លាប់នៅនឹងកន្លែង និងមនុស្ស ២នាក់ទៀត រងរបួសធ្ងន់ស្រាល។
ហេតុការណ៍គ្រោះថ្នាក់នេះ បានកើតឡើង៖
-នៅក្នុងទឹកដីខណ្ឌដូនពេញ ចំណុច បណ្តោយផ្លូវR6 សង្កាត់ស្រះចក
-នៅក្នុងទឹកដីខណ្ឌឬស្សីកែវ ចំណុច បណ្តោយផ្លូវលេខ៧០ កែងផ្លូវK៥ ភូមិបាក់ទូក សង្កាត់ទួលសង្កែ១
-និងនៅចំណុចស្តុបគល់អង្គតែន សង្កាត់បឹងកក់១ ខណ្ឌទួលគោក ព្រោះតែជនត្រូវចោទស្រវឹងស្រា និងបានព្យាយាមបើករថយន្តរត់គេចខ្លួនពេលបុកគេរួច រហូតហ៊ានបើកបំបុក បារ៉ាសរបស់សមត្ថកិច្ចថែមទៀតផង៕
មតិយោបល់