ឧត្តរមានជ័យៈ រថយន្តធុនយក្ស ដឹកប្រេងសាំងគេចពន្ធពីប្រទេសថៃ នាំចូលកម្ពុជាតាមច្រករបៀងជប់គគីរ ដូចហែកឋិន។ ប្រជាពលរដ្ឋដែលរស់នៅក្បែរមាត់ច្រករបៀងជប់គគីរ បាននិយាយថា សកម្មភាពខាងលើ បានដំណើរការជាង ៥ ខែមកហើយ ដែលគេដឹកចូលមកស្តុកក្នុងការ៉ាសសាំងមួយកន្លែង នៅចំណុចក្រោមជើងភ្នំក្បែរ មាត់ច្រករបៀងជប់គគីរ ស្ថិតនៅភូមិចាន់ក្រហមសែនជ័យ ឃុំអំពិល ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។
ការ៉ាសសាំងមួយនេះ មានស្លាក់យីហោ ឈ្មោះ តេឡា ហើយក៏ជាកន្លែង ស្តុកសំរាប់ផ្ទេរដាក់ រថយន្ត ដឹកបន្ត ទៅចែកចាយ នៅបណ្តាលខេត្តនានា ក្នុងប្រទេសកម្ពុជាផងដែរ។ ជាក់ស្តែងកាលពីវេលាម៉ោង ០២ នារសៀលថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៦ កន្លងមកថ្មីៗនេះ មានរថយន្តធុនយក្សដឹកប្រេងរបស់ថៃចំនួន០២ គ្រឿង បានដឹកចូលទីតាំងការ៉ាសសាំងតេឡាខាងលើ មិនតែប៉ុណ្ណោះ មានរថយន្ត ជាច្រើនគ្រឿងចតចាំផ្ទេរប្រេងសាំងដឹកបន្តទៀតផង។
មតិសាធារណជន បាននិយាយប្រាប់ថា ប្រេងសាំងនាំចូល ខាងលើនេះ អត់ពន្ធគ្រាន់តែយកទីតាំងស្លាកយីហោ ដើម្បីបំភាន់ភ្នែកប៉ុណ្ណោះ ! ព្រោះពុំមានការចែកចាយ ឬលក់រាយនោះឡើយ កន្លងមករថយន្តថៃដឹកប្រេងសាំងខាងលើ ត្រូវបានសមត្ថកិច្ចជំនាញក្នុងខេត្តធ្វើការចាប់ឃាត់ខ្លួនម្តងរួចហើយ តាំងពីខែដំបូងដែលចាប់ផ្តើមដឹកប្រេងសាំងមកកម្ពុជាម្ល៉េះ។
ពាក់ព័ន្ធនិងបញ្ហានេះ នៅរសៀលថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៦ ភ្នាក់ងារយើងមិនអាចសុំការបំភ្លឺពីលោក ប៉ែន ស្រស់ មន្ត្រីគយចល័តបាននៅឡើយទេ។ ថាតើ នាយកដ្ឋានគយ និងរដ្ឋាករ បានដឹងពីបញ្ហានេះ ដែរឬទេ?
មតិយោបល់